គម្រោងវារីអគ្គីសនីមួយក្នុងខេត្តពោធិ៍សាត់គ្រោងចំណាយទុនជាង២០០លានដុល្លារអាមេរិក
គម្រោងវិនិយោគសាងសង់វារីអគ្គីសនីមួយដែលមានថាមពល ៨០មេហ្កាវ៉ាត់ នឹងមានទំហំទុនក្នុងការវិនិយោគរហូតដល់២៣០លានដុល្លារអាមេរិកនិងត្រូវសាងសង់ក្នុងទឹកដីខេត្តពោធិ៍សាត់ គម្រោងនេះស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុន អេស ភីអេច ភី(ខេមបូឌា) ឯ.ក បន្ទាប់ពីសមាជិករដ្ឋសភាសរុប១១២រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១ ខែកក្កដា បានអនុម័តជាឯកច្ឆន្ទនូវ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល។ នេះបើយោងតាម AKP។
បើតាមការបញ្ជាក់របស់ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងវិនិយោគវារីអគ្គិសនីនេះ គឺកាត់ស្ទឹងពោធិ៍សាត់១ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការវិនិយោគនេះ និងចំណាយរយៈពេលសម្បទាន៣៩ឆ្នាំ ដោយរយៈពេលប្រតិបត្តិការអាជីវកម្មផ្ទេរសិទ្ធិ (BOT)មានរយៈពេល៣៥ឆ្នាំ ខណៈគម្រោងវិនិយោគនេះ ត្រូវបានរាជរដ្ឋាភិបាល លើកលែងពន្ធដល់ក្រុមហ៊ុនរយៈពេល៩ឆ្នាំ។
ឯកឧត្ដមបន្តថា ថាមពលអគ្គិសនីដែលក្រុមហ៊ុនផលិតបាន គឺត្រូវលក់មកឲ្យ អគ្គិសនីកម្ពុជាទាំងអស់នៅរដូវប្រាំង និងចំនួន៣០ភាគរយនៅរដូវវស្សាក្នុងតម្លៃព្រមព្រៀងតាមកិច្ចសន្យា។ ទោះជាយ៉ាងនេះក្តី ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា គម្រោងវិនិយោគនេះ ក៏មានការប៉ះពាល់ដល់លំនៅឋាន ប្រជាពលរដ្ឋចំនួន៩២ខ្នង ស្មើនឹង៣៤៧គ្រួសារ ប៉ះពាល់ដីកសិកម្មរបស់ប្រជាពលរដ្ឋចំនួន២៦៩គ្រួសារ ស្មើនឹងផ្ទៃដីសរុបចំនួន៩.៣៥៥ហិកតា និងប៉ះពាល់ផ្ទៃ ដីព្រៃឈើសរុបចំនួន៦០០.៧២៤ហិកតា។ ជាមួយគ្នានេះ ក៏បានប៉ះពាល់ដល់ថនិកសត្វ៤៦ប្រភេទ ពពួកបក្សី១០១ប្រភេទ ពពួកល្មូន៦៣ប្រភេទ និងត្រីទឹកសាប៧៨ប្រភេទ៕