សិង្ហបុរីកំពុងតែត្រូវការដីខ្សាច់មកពង្រីកទឹកដីខ្លួន ស្រាប់តែម៉ាឡេស៊ីប្រកាសថាឈប់លក់ឲ្យ​



ប្រទេសសិង្ហបុរីគឺជាប្រទេសកូនកោះតូចមួយដែលមានទំហំផ្ទៃដីជាង ៧២១.៥ គីឡូម៉ែត្រការ៉េក្នុងពេលបច្ចុប្បន្ន។ កាលពីប្រទេសនេះទើបនឹងទទួលបានឯករាជ្យភាពពីចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៦៥ គឺប្រទេសនេះមានទំហំផ្ទៃដីតែ ៥៨០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែដោយសារមានមហិច្ឆតាក្នុងការពង្រីកដែនដីរបស់ខ្លួនដែលព័ទ្ធជុំវិញដោយសមុទ្រ ប្រទេសមួយនេះបានទិញដីខ្សាច់ពីប្រទេសដ៍ទៃហើយដឹកជញ្ជូនតាមនាវាទឹកមកចាក់ពង្រីកដែនដីរបស់ខ្លួន។ កាលពីឆ្នាំមុនសិង្ហបុរីបានពង្រីកព្រំដីបានជាង ៥៦ គីឡូម៉ែត្រការ៉េហើយក្នុងពេលឆ្នាំ ២០៣០ ប្រទេសមួយនេះបានប្ដេជ្ញាថានឹងពង្រីកដែនដីរបស់ខ្លួនឲ្យបានទំហំផ្ទៃដីសរុបជាង ៧៧៧ គីឡូម៉ែត្រការ៉េ។

តាមរយៈសារព័ត៌មាន Reuters បានឲ្យដឹងថាការប្រើប្រាស់ខ្សាច់ក្នុងការពង្រីកដែនដីរបស់ប្រទេសកោះមួយនេះគឺត្រូវការដីខ្សាច់ជាច្រើនហើយសិង្ហបុរីកន្លងមកបានពឹងផ្អែកលើការនាំចូលដីខ្សាច់ពីប្រទេសជិតខាងជាពិសេសគឺប្រទេសម៉ាឡេស៊ី។ ប៉ុន្តែថ្មីៗនេះប្រទេសម៉ាឡេស៊ីបានប្រកាសជាសាធារណៈថានឹងបិទការនាំចេញដីខ្សាច់ទាំងអស់។ ការប្រកាសបិទការនាំចេញដីខ្សាច់នេះបានចេញតាំងពីខែតុលាឆ្នាំមុនម្ល៉េះប៉ុន្តែប្រទេសម៉ាឡេស៊ីមិនបានប្រកាសជាសាធារណៈទេព្រោះខ្លាចប៉ះពាល់ដល់ទំនាក់ទំនងទូតរវាងខ្លួននិងសិង្ហបុរីដោយសារសិង្ហបុរីនឹងត្រូវរងទុក្ខជាងគេព្រោះប្រទេសនេះនាំចូលដីខ្សាច់ពីប្រទេសម៉ាឡេស៊ីច្រើនជាងគេ។

យោងតាមរបាយការណ៍របស់ United Nations (UN) បានបង្ហាញថាប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលធ្វើការនាំចេញដីខ្សាច់ទៅសិង្ហបុរីច្រើនជាងគេ (៦៤ តោនក្នុងឆ្នាំ ២០១៨ដែលស្មើនឹង ៩៧ ភាគរយនៃការនាំចូលដីខ្សាច់របស់ប្រទេសសិង្ហបុរីនិងស្មើរនឹង ៩៥ ភាគរយនៃការនាំចេញដីខ្សាច់របស់ប្រទេសម៉ាឡេស៊ីទៅជុំវិញពិភពលោក។ ក្នុងការប្រកាសបិទការនាំចេញដីខ្សាច់នេះផងដែរគឺនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីលោក Mohammad Mahathir បានបកស្រាយថាលោកមិនមានគោលបំណងអាក្រក់ណាមួយក្នុងបង្អាក់ការពង្រីកដែនដីរបស់សិង្ហបុរីទេ។

លោកបានបន្តទៀតថាគោលបំណងរបស់លោកក្នុងការសម្រេចបែបនេះគឺដោយសារលោកមានកង្វល់ជាមួយនឹងការប៉ះពាល់ដល់បរិស្ថានចំពោះការនាំចេញដីខ្សាច់ទាំងនេះព្រមទាំងលោកចង់បញ្ឈប់រាល់សកម្មភាពខុសច្បាប់និងពុករលួយទាំងឡាយដែលទាក់ទងនឹងការនាំចេញដីខ្សាច់ខុសច្បាប់។ ប៉ុន្តែតាមរយៈប្រភពរដ្ឋាភិបាលម៉ាឡេស៊ីបានប្រាប់សារព័ត៌មាន Reuters ថាលោក Mahathir Mohamad កន្លងមកមិនសប្បាយចិត្តពេលឃើញដីខ្សាច់របស់ខ្លួនត្រូវប្រទេសជិតខាងយកមកពង្រីកទឹកដីរបស់គេ។ ជាពិសេសនោះលោកមានការភ័យខ្លាចថាការធ្វើពាណិជ្ជកម្មលក់ដីខ្សាច់ដល់ប្រទេសសិង្ហបុរីនេះនឹងក្លាយជាល្បែងសូន្យ-បូក (zero-sum game) ដែលប្រទេសម៉ាឡេស៊ីនឹងត្រូវខាងបង់ប៉ុន្តែប្រទេសសិង្ហបុរីនឹងទទួលបានប្រយោជន៍ច្រើនជាងប្រទេសម៉ាឡេស៊ីក្នុងពាណិជ្ជកម្មនេះ។

ដោយ៖ នឿន វណ្ណៈ

X
5s