ថៃកំពុងតែសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងប៉េកាំង ឡាវ និងសិង្ហបុរី​



ប្រទេសថៃកំពុងតែចាប់ផ្តើមសាងសង់ផ្លូវខ្សែរថភ្លើងល្បឿនលឿន Trans-Asean របស់ខ្លួនដែលនឹងតភ្ជាប់ទីក្រុងប៉េកាំងឡាវនិងសិង្ហបុរី។ គម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនទំនើបនេះគឺជាផែនការរបស់រដ្ឋាភិបាលថៃដែលមានមហិច្ឆតាចង់ធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់តំបន់អាស៊ាន។ គម្រោងផ្លូវដែកនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិនសហការជាមួយក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ។

តម្លៃដែលប៉ាន់ស្មានសម្រាប់គម្រោងទាំងមូលគឺប្រហែលជាង ៩១.៤ ពាន់លានដុល្លារអាមេរិក។ ផ្លូវរថភ្លើងទី ១ គឺគម្រោងថៃ - ស៊ីណូដែលភ្ជាប់ទីក្រុងបាងកកទៅខេត្តណងឃាយនៅឡាវ។ ខ្សែរថភ្លើងនេះត្រូវបានប៉ាន់ប្រមាណថានឹងមានប្រវែងជាង ៦០៨ គីឡូម៉ែត្រនិងត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣ ។ ហើយខ្សែរថភ្លើងតភ្ជាប់បន្ថែមទៀតទៅទីក្រុងវៀងចន្ទន៍និងខេត្តម៉ូហានរបស់ចិនក៏នឹងត្រូវបានសាងសង់ផងដែរ។

មន្រ្តីដឹកជញ្ជូនរបស់ថៃបានមានប្រសាសន៍ថាផ្លូវរថភ្លើងល្បឿនលឿននេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុងវៀងចន្ទន៍ទៅខេត្តម៉ូហានចាប់ពី ២ ថ្ងៃរហូតដល់ ៣ ម៉ោង។ តំបន់ Bang Sue នឹងក្លាយជាស្ថានីយ៍ធំនិងសំខាន់នៃទីប្រជុំបណ្ដុំផ្លូវរថភ្លើងផ្សេងៗ។ ស្ថានីយ៍កណ្តាលនេះដែលមានកម្ពស់ ៤ ជាន់នឹងត្រូវភ្ជាប់ទៅនឹងខ្សែរថភ្លើងថៃ Blue Line ផ្លូវដែក Airport Rail Link និងផ្លូវរថភ្លើងផ្សេងទៀតទៅកាន់តាមខេត្តផ្សេងៗ។

ជាពិសេសនោះប្រទេសថៃក៏កំពុងតែចរចាជាមួយប្រទេសម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ីទាក់ទងនឹងការរៀបចំបទដ្ឋានឧស្សាហកម្មរថភ្លើងនិងហិរញ្ញវត្ថុសម្រាប់រថភ្លើងល្បឿនលឿននិងផ្លូវក្រោមដី។ នៅពេលបញ្ចប់គម្រោងផ្លូវដែកនេះរួចហើយគឺការធ្វើដំណើរទៅក្រុងប៉េកាំងនិងសិង្ហបុរីឆ្លងកាត់ប្រទេសថៃអាចធ្វើទៅបាន។

ខ្សែផ្លូវដែកនេះរួមបញ្ចូលទាំងស្ថានីយ៍នៅគុនមីញក្នុងប្រទេសចិន ទីក្រុងយូស៊ី ទីក្រុងមូហាន ទីក្រុងវៀងចាន់នៃប្រទេសឡាវ ទីក្រុងបាងកកប្រទេសថៃ ទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

ដោយ៖ នឿន វណ្ណៈ

X
5s