ខេត្ត​ព្រះសីហនុ​ប្រមូល​ពន្ធ​បាន​១៧​លាន​ដុល្លារ​នា​ ៦ខែ​ដើម​ឆ្នាំ​២០១៩​នេះ​



លោក សន ស៊ីផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា នា​រយៈពេល​៦ខែ​នា​ដើម​ឆ្នាំ​២០១៩​នេះ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ប្រមូល​ថវិកា​បាន​ចំនួន​ជាង​៦៩ប៊ីលាន​ ដែល​ស្មើ​នឹង​ ១៧​លាន​ដុល្លារ​អាម៉េរិក ហើយ​ប្រៀបធៀប​ទៅ​នឹង​៦​ខែ​នា​ដើម​ឆ្នាំ​២០១៨​វិញ​គឺ​កើន​ឡើង​ប្រមាណ​ ២៧ប៊ីលាន​ដែល​ស្មើ​នឹង​៦លាន​ដុល្លារ​អាម៉េរិក ដែល​កើន​ឡើង​ស្មើ​នឹង​៦៤​ភាគរយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ AKP។

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​ដែល​មាន​ការ​កើន​ឡើង​នេះ​មាន​ដូច​ជា ចំណូល​ពន្ធ​ប្រថាប់​ត្រា ពន្ធ​លើ​ឈ្នួល​ផ្ទះ ពន្ធ​អចលនទ្រព្យ ពន្ធ​លើ​តម្លៃ​បន្ថែម​ ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​ពន្ធ​ផ្សេងៗ​ជា​ដើម។ លោក​បន្ត​ថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ពន្ធដារ​ក្នុង​ខេត្ត​នេះ​គឺ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា ព្រម​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន​។

លោក​សន ស៊ីផល សង្ឃឹម​ថា​ឆ្នាំ​២០១៩  សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ នឹង​ប្រមូល​ថវិកា​បាន​ច្រើន​ជាង​ឆ្នាំ​កន្លង​ ដោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ព្រះសីហនុ​ប្រមូល​ថវិកា​លើស​ផែនការ​ឆ្នាំ និង​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​ផង​ដែរ។ លោក​ថា អគ្គនាយក​ពន្ធដារ​បាន​ឲ្យ​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ប្រមូល​ពន្ធ​បាន​៦៦ប៊ីលាន​រៀល នៃ​ផែន​ការ​ប្រចាំ​ឆ្នាំ៕

រូបភាព៖ កម្ពុជា​ថ្មី