ឯកឧត្តម ស៊ូ សុជាតិ៖ គម្រោងវិនិយោគរួម Collective Investment Schemes ជាផលិតផលថ្មីក្នុងវិស័យមូលបត្រ​



កាលពីថ្ងៃព្រហស្បតិ៍ទី​១១​ កក្កដា ២០១៩ កន្លងទៅ  CSX បានរៀបចំសិក្ខាសាលាមួយស្ដីពី Establish A Fund in Cambodia។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់វគ្គទី ១ នៃសិក្ខាសាលា ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានមានប្រសាសន៍ថា គម្រោងវិនិយោគរួម ឬ Collective Investment Schemes នេះជាផលិតផលថ្មី ជាសមាជិកថ្មីនៅក្នុងវិស័យមូលបត្រក្នុងប្រទេសកម្ពុជា បង្កើតឡើងក្នុងគោលបំណងកៀរគរទុនពីវិនិយោគិន។

ឯកឧត្តម បានបន្តទៀតថា ការវិនិយោគរបស់សាធារណៈជនទៅលើគម្រោងមួយជាក់ស្តែងរបស់បុគ្គល ឬក្រុមហ៊ុនចុះបញ្ជី ហើយគម្រោងនេះមានសក្តានុពលទទួលបានផលចំនេញ។ គណៈកម្មការមូលបត្រកម្ពុជាមិនបានចាប់បង្ខំវិនិយោគិនដាក់ទុនវិនិយោគលើវិស័យនេះ ឬលើផ្នែកនោះឡើយ មានន័យថាវិនិយោគិនអាចយកមូលនិធិដែលប្រមូលបាននោះទៅវិនិយោគលើវិស័យអ្វីក៏បាន  តែក្រុមហ៊ុនគ្រប់គ្រងមូលនិធិត្រូវទទួលបានអាជ្ញាប័ណ្ណជាមុនសិន ចំណែកវិនិយោគិនត្រូវធ្វើការជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិដើម្បីធ្វើយ៉ាងណាធានាបាននូវសុវត្ថិភាពវិនិយោគជូនវិនិយោគិន។

គណៈកម្មការមូលបត្រកម្ពុជាជាអ្នកបង្កើតបទបញ្ញត្តិដើម្បីគ្រប់គ្រងលើការវិនិយោគ វាធានាបាននូវសុវត្ថិភាពនៃការដាក់មូលនិធិ។ បទបញ្ញត្តិនេះទៀតសោតត្រូវមានការទាក់ទងគ្នារវាងអាជ្ញាធរ អ្នកវិនិយោគ និងអ្នកដែលមានវិជ្ជាជីវៈពិតប្រាកដ តែមិនមែនធានាថាការវិនិយោគសុទ្ធតែចំនេញឡើយ គ្រាន់តែវិនិយោគិនអាចទុកចិត្តបានថា មូលនិធិដែលពួកគាត់បានដាក់មកក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិនោះ បានធ្វើការបែងចែកដោយតម្លាភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ចំនុចដែលចង់បញ្ជាក់ម្តងហើយម្តងទៀតនោះគឺ ការវិនិយោគមិនបានធានានូវផលចំនេញ ១០០% ទេ វាអាចទទួលបានជោគជ័យ តែវាក៏នឹងអាចទទួលការបរាជ័យដូចគ្នា។ វាជាការធានាថាទុនវិនិយោគដែលបានដាក់ ពិតជាយកទៅវិនិយោគប្រាកដមែន បើចំណេញនឹងទទួលផល តែបើខាតគឺមានបញ្ជីស្នាម ទិន្នន័យគ្រប់គ្រាន់ និងត្រឹមត្រូវបញ្ជាក់ថាខាត ហើយមូលហេតុអ្វីបានជាខាត។ 

ឯកឧត្តមបានបញ្ជាក់ទៀតថា គម្រោងវិនិយោគរួម និងការវិនិយោគក្នុងផ្សារមូលបត្រគឺជាការវិនិយោគរបស់សាធារណៈជនដូចគ្នា តែការវិនិយោគក្នុងផ្សារមូលបត្រគឺសំដៅក្រុមហ៊ុនមួយដែលបានបង្កើតឡើងរួចហើយ ពេលនេះគាត់ត្រូវការទុនបន្ថែមដើម្បីពង្រីកអាជីវកម្ម ដូចនេះគាត់សម្រេចចិត្តបោះផ្សាយលក់មូលបត្រដើម្បីកៀរគរទុនពីសាធារណៈជន។

ដោយឡែកគម្រោងវិនិយោគរួម Collective Investment Schemes នេះជាការវិនិយោគរបស់សាធារណៈជនលើក្រុមហ៊ុនចុះបញ្ជី និងទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជាក្នុងការគ្របគ្រងមូលនិធិ ហើយមូលនិធិនេះត្រូវបានយកទៅវិនិយោគ បែងចែកយ៉ាងមានប្រសិទ្ធិភាព តម្លាភាព រួមទាំងសុវត្ថិភាពថែមទៀតផងដោយសារមានអ្នកជំនាញជួយប្រឹក្សាយោបល់ក្នុងការវិនិយោគជាងការវិនិយោគផ្ទាល់។ ក្នុងពេលនេះអ្វីៗទាំងអស់ស្ថិតក្នុងដំណាក់កាលនៃការបង្កើតតួអង្គ កាលណាមានតួអង្គហើយទើបតួអង្គនោះដើរតួនាទីជាអ្នកបង្កើតផលិតផល ចំណែកគណៈកម្មការមូលបត្រកម្ពុជាជាអាជ្ញាធរបង្កើតហេដ្ឋារចនាសម្ព័ន្ធ ដែលជាអ្នកនឹងរៀបចំឲ្យមានទីផ្សារកើតឡើង។ ការបង្កើតឲ្យមានក្រុមហ៊ុនគ្រប់គ្រងមូលនិធិនេះមានផលប្រយោជន៍ដល់វិស័យមូលបត្រក្នុងការជំរុញឲ្យមានអ្នកលក់ និងអ្នកទិញ។ 

ឯកឧត្តមបានចែករំលែក និងបង្ហាញពីគំនិតផ្ទាល់ខ្លួនដោយផ្អែកលើបទពិសោធន៍ដែលឯកឧត្តមបានជួបតាមរយៈការចូលរួមប្រជុំ ការសិក្សាបណ្តុះ ពិភាក្សា ជាមួយនិយ័តករប្រទេសនានាក្នុងតំបន់អាស៊ាន ថាអ្វីៗវានឹងល្អប្រសើរបើវាដើរលើផ្លូវដែលយើងរំពឹងទុក។ តែជាក់ស្តែងកម្ពុជាអាចនឹងទទួលបានមូលនិធិវិនិយោគច្រើនពីបរទេសពិសេសការវិនិយោគចិន បូកបន្ថែមដោយការលើកឡើងពីអ្នកជំនាញមកពី CFA បានឲ្យដឹងថាទំនោរនៃការពង្រីក fund ក្នុងអាស៊ីប៉ាស៊ីភិចនឹងមានការកើនឡើងបន្តិចម្តងៗ នេះយើងនិយាយតែមួយផ្នែកនៃ Collective Investment Schemes គឺ Mutual Fund អាចនឹងកើនឡើងដល់ ១២ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៥ ខាងមុននេះ។ ទំនោរនៃការពង្រីក fund នេះសុទ្ធតែផ្តើមចេញពីតួលេខចាប់ពីតូចទៅ ហើយក៏បន្តពង្រីកខ្លួនបានធំឡើងៗ បណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួនគឺប្រើប្រាស់យន្តការនេះដើម្បីអភិវឌ្ឍប្រទេសខ្លួន។ 

គួររំលឹកផងដែរថា កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន ក្រុមហ៊ុន CIC Capital Partner Plc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Cambodian Investment Corporation Plc បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងការទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីគណៈកម្មការមូលបត្រកម្ពុជា ជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ (Fund Management Company)៕ 

ដោយ៖ យ៉ាយ៉ា

 

X
5s