ថវិកាជាង ៦លានដុល្លារគ្រោងចំណាយលើការជួសជុលផ្លូវ១២ខ្សែក្នុងក្រុងព្រះសីហនុ
ផ្លូវចំនួន១២ខ្សែក្នុងក្រុងព្រះសីហនុនឹងត្រូវជួសជុលឡើងវិញ ដោយគ្រោងនឹងចំណាយថវិកាចំនួន ៦,២លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុស្ដីអំពី កិច្ចប្រជុំពាក់ព័ន្ធនឹងគម្រោងជួសជុលផ្លូវ២២ខ្សែក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនឹងដឹកជញ្ជូន រួមជាមួយនឹងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ផ្លូវទាំង១២ខ្សែដែលនឹងត្រូវជួសជុលរួមមាន ផ្លូវលេខ ១០០, ៨១៤, ៨១៨, ១០៣, ១៤៣, ៧០១, ១០៨៣, ២០៩, ៨២៧, ៨២១ និង ផ្លូវលេខ ៨២៥។ ផ្លូវទាំង១២ខ្សែនេះគ្រោងនឹងជួសជុលដោយប្រើប្រាស់ឥណទានថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្នុងនោះ ៦ខ្សែគ្រោងនឹងប្រើថវិកាដែលបានពីសំណង់បណ្ដាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឲ្យផ្លូវខូចខាតក្នុងក្រុងដោយសារការដឹកជញ្ជូនសម្ភារៈផ្សេងៗបម្រើការធ្វើអាជីវកម្ម និងសាងសង់។
លើសពីនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានគម្រោងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនទទួលបន្ទុក (Overlay) ផ្លូវលេខ ៧០០ ផងដែរ។ ឯកឧត្ដម គួច ចំរើន បានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងជួសជុលកំណាត់ផ្លូវក្នុងក្រុងទាំង១២ខ្សែឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងកែលម្អសោភ័ណភាព និងបរិស្ថាន៕
ដោយ៖ ជួប ស្រីរ័ត្ន