ចិនគំរាមថានឹងដាក់ទណ្ឌកម្មពាណិជ្ជកម្មលើក្រុមហ៊ុនអាមេរិកដែលបានលក់អាវុធឲ្យតៃវ៉ាន់​



ប្រទេសចិនបានប្រកាសកាលពីថ្ងៃសុក្រថាខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិកដែលពាក់ព័ន្ធនឹងការលក់អាវុធជាង ២ ពាន់លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់នាពេលថ្មីៗនេះ។ ការសម្រេចចិត្តបែបនេះរបស់ទីក្រុងប៉េកាំងអាចជាបញ្ហាប៉ះពាល់បន្ថែមទៀតដល់ចំណងទំនាក់ទំនងរវាងមហាអំណាចធំៗទាំងពីរអាមេរិកនិងចិនដែលរដ្ឋាភិបាលរបស់ពួកគេកំពុងពង្រឹងក្រសែភ្នែកលើអាជីវកម្មរបស់គ្នាទៅវិញទៅមកដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើសមរភូមិសង្គ្រាមពាណិជ្ជកម្មកន្លងមកនេះ។

ទីក្រុងប៉េកាំងបានគំរាមកំហែងការដាក់ទណ្ឌកម្មស្រដៀងគ្នានេះបន្ទាប់ពីការលក់សព្វាវុធរបស់អាមេរិចទៅកោះតៃវ៉ាន់ដែលជាកោះឯករាជ្យដែលប្រទេសចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ការគំរាមកំហែងនេះមិនទាន់ចេញជាសកម្មភាពជាក់ស្តែងនៅឡើយទេ។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រថាការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិប៉ុន្តែលោកមិនបានបកស្រាយថាក្រុមហ៊ុនអាមេរិកទាំងនោះនឹងត្រូវទទួលទណ្ឌកម្មសេដ្ឋកិច្ចបែបណានិងក្នុងពេលណានោះទេ។

រូបតំណាង

សហរដ្ឋអាមេរិកត្រូវបានតម្រូវឱ្យផ្តល់អាវុធសម្រាប់វិស័យការពារកោះតៃវ៉ាន់តាមច្បាប់ដែលបានអនុម័តនៅឆ្នាំ ១៩៧៩ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរការទូតទៅទីក្រុងប៉េកាំងនិងចេញពីក្រុងតៃប៉ិដែលជារដ្ឋធានីរបស់កោះនេះ។ ប្រទេសចិនបានចាត់ទុកការលក់អាវុធអាមេរិកជាយូរមកហើយទៅកាន់តៃវ៉ាន់ថាជាការប្រមាថដល់អធិបតេយ្យភាពរបស់ខ្លួន។

រដ្ឋសភាអាមេរិកត្រូវបានគេជូនដំណឹងនៅថ្ងៃចន្ទអំពីសំណើរពីរនៃការលក់អាវុធទាំងនោះដែលក្នុងសំណើរការលក់នោះមានរថក្រោះ Abrams ដែលត្រូវបានផលិតផលឡើងដោយក្រុមហ៊ុន General Dynamics រថយន្តដឹកជញ្ជូនសម្ភារៈធុនធ្ងន់ដែលផលិតដោយ Oshkosh និងមីស៊ីលប្រឆាំងកាំជ្រួច Stinger ដែលផលិតដោយក្រុមហ៊ុន Raytheon ហើយរថយន្តពាសដែក Hercules ដែលផលិតដោយក្រុមហ៊ុនអង់គ្លេស BAE Systems ។

ការដាក់ទណ្ឌកម្មពីទីក្រុងប៉េកាំងនឹងមិនប៉ះពាល់ដល់ការធ្វើអាជីវកម្មលក់អាវុធរបស់ក្រុមហ៊ុនអាមេរិកទាំងនេះទេព្រោះក្រុមហ៊ុនអាមេរិកទាំងនោះត្រូវបានអាមេរិករារាំងមិនឱ្យលក់អាវុធទៅឱ្យចិនដីគោកចាប់តាំងពីការសម្លាប់រង្គាលនៅទីលានធៀននែនម៉េន (Tiananmen Square Massacre) ក្នុងឆ្នាំ ១៩៨៩ ។ ប៉ុន្តែការដាក់ទណ្ឌកម្មនេះអាចប៉ះពាល់ដល់អាជីវកម្មផ្នែកផ្សេងរបស់ក្រុមហ៊ុនទាំងនេះក្នុងប្រទេសចិនដែលមិនមែនពាក់ព័ន្ធនឹងអាវុធយោធា។ តួយ៉ាងក្រុមហ៊ុន Oshkosh លក់រថយន្ដជួយសង្គ្រោះនិងពន្លត់អគ្គីភ័យដល់ចិនដែលត្រូវបានគេប្រើនៅព្រលានយន្តហោះជាង ៣០ កន្លែងនៅប្រទេសចិន។ ជម្លោះសេដ្ឋកិច្ចរវាងចិននិងសហរដ្ឋអាមេរិកបានកើនឡើងលើសពីតំលៃពន្ធដែលរដ្ឋាភិបាលទាំងពីរបានចាប់ផ្តើមដាក់កាលពីឆ្នាំទៅ។

រដ្ឋបាល ត្រាំ ក៏បានដឹកនាំការទប់ស្កាត់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុននាំមុខគេនៃទូរស័ព្ទទំនើបនិងឧបករណ៍ទូរគមនាគមន៍របស់ចិនដែលក្រុមហ៊ុនផ្លូវការអាមេរិកនេះគឺជាការគំរាមកំហែងចារកម្ម។

កាលពីខែឧសភាបន្ទាប់ពីនាយកដ្ឋានពាណិជ្ជកម្មបានរារាំងលទ្ធភាពរបស់ក្រុមហ៊ុន Huawei ក្នុងការទិញកម្មវិធីនិងសមាសភាគពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិករដ្ឋាភិបាលចិនបានគំរាមបង្កើតបញ្ជីឈ្មោះក្រុមហ៊ុនបរទេសដែលមិនគួរទុកចិត្ត។ ព័ត៌មានលម្អិតនៃបញ្ជីនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

ក្រុមហ៊ុន Raytheon កំពុងតែស្វែងរកការសហការជាមួយពាណិជ្ជកម្មអវកាសរបស់ក្រុមហ៊ុន United Technologies ដែលលក់ម៉ាស៊ីនយន្តហោះនៅក្នុងប្រទេសចិនហើយបានបង្កើតគ្រឿងអេឡិចត្រូនិកយន្តហោះដោយសហការជាមួយដៃគូក្រុមហ៊ុនចិន។ ក្រុមហ៊ុន United Technologies ក៏ជាម្ចាស់ក្រុមហ៊ុនផលិតជណ្តើរយន្តឈ្មោះ Otis ដែលបានឈ្នះកិច្ចសន្យាកុងត្រាកាលពីឆ្នាំមុនក្នុងការផ្គត់ផ្គង់ជណ្តើរយន្តចំនួន ២៥,០០០ ជាងដល់ទីក្រុងចិន ១១ ទីក្រុង។

ដូចនេះក្រុមហ៊ុនអាមេរិកទាំងនេះកំពុងតែស្ថិតក្នុងក្រសែភ្នែករ៉ាដារបស់រដ្ឋាភិបាលចិនក្នុងការដាក់ក្នុងបញ្ជីខ្មៅដែលនឹងមានផលប៉ះពាល់មួយចំនួនដល់ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ពួកគេជាក់ជាមិនខាន៕

ដោយ៖ នឿន វណ្ណៈ

X
5s