ក្រុមហ៊ុនដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន Nike ចង់ចាកឆ្ងាយពីវៀតណាមបន្ទាប់ពីចាកចេញពីប្រទេសចិន
មេរៀនមួយដែលក្រុមហ៊ុន Eclat Textile Co. កំពុងតែមើលឃើញគឺថាគ្មានទីជម្រកពាណិជ្ជកម្មមួយណាដែលផ្ដល់ភាពសុខសាន្តដល់ខ្លួនបានរហូតនោះឡើយ។ ក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡាទៅកាន់ក្រុមហ៊ុន Nike Inc និង Lululemon Athletica Inc. ដែលបានវេចបង្វិចរត់ចេញពីទ្រនំចាស់ប្រទេសចិននៅឆ្នាំ ២០១៦ ហើយរត់មកជ្រោកកោនក្នុងប្រទេសវៀតណាមដោយសារតែជួបប្រទះបញ្ហាមួយចំនួនក្នុងប្រទេសចិន។ មិនទាន់បានយូរប៉ុន្មានផងស្រាប់តែសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្មពិភពលោក។
លោក ហុងចេងហៃ ប្រធានរបស់ក្រុមហ៊ុន Eclat Textile Co. បានថ្លែងក្នុងបទសម្ភាសន៍មួយថា "តាមរយៈការវិនិច្ឆ័យពីស្ថានភាពពិភពលោកបានយល់ឃើញថាអ្វីដែលសំខាន់បំផុតគឺការធ្វើពិពិធកម្ម។ មានអតិថិជនជាច្រើនចង់ឱ្យយើងធ្វើឱ្យមានពិពិធកម្មនិងមិនចង់ឱ្យមូលដ្ឋានផលិតកម្មមានតែនៅក្នុងប្រទេសមួយទេ។ ឥលូវនេះអត្រាជាង ៥០ ភាគរយនៃសំលៀកបំពាក់របស់យើងត្រូវផលិតនៅក្នុងប្រទេសវៀតណាម ដែលនេះបញ្ជាក់ប្រាប់ថាយើងមិនទាន់មានពិពិធកម្មនៅឡើយទេ"។
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបានធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់សកលលោកដែលបង្ខំឱ្យក្រុមហ៊ុនមួយចំនួនបង្វែរការផលិតចេញពីប្រទេសមហាយក្សសេដ្ឋកិច្ចអាស៊ីចិនផ្លាស់ទៅដាក់ក្នុងប្រទេសដទៃទៀតដូចជាតៃវ៉ាន់ វៀតណាម និងបង់ក្លាដេសជាដើម។ ប៉ុន្តែថ្មីៗនេះប្រធានាធិបតីអាមេរិកលោក Donald Trump បានវាយប្រហារពាក្យសម្ដីលើប្រទេសវៀតណាមដោយហៅប្រទេសមួយនេះថាជាអ្នករំលោភបំពានពាណិជ្ជកម្មធំជាងគេបង្អស់ហើយលោក ត្រាំ បានសម្រេចចិត្តដាក់ពន្ធលើការនាំចូលយ៉ាងខ្ពស់ទៅលើក្រុមហ៊ុនដែកថែបក្នុងប្រទេសវៀតណាម។ ក្នុងការមើលឃើញភាពមិនប្រក្រតីបែបនេះក្រុមហ៊ុនមួយនេះកំពុងតែមានការភាពព្រួយបារម្ភខ្លាចក្រុមហ៊ុនរបស់ខ្លួនរងសម្ពាធទារុណកម្មពន្ធអាមេរិកក្នុងពេលខាងមុខនេះ។
ហេតុនេះហើយបានជាក្រុមហ៊ុន Eclat ឥឡូវនេះកំពុងស្វែងរកការបង្កើតមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់តូចៗដែលអាចមានភាពងាយស្រួលក្នុងការផ្តល់សេវាកម្មដល់អតិថិជនហើយមានសុវត្ថិភាពពីការដាក់ពន្ធអាមេរិកលើផលិតផលវៀតណាម។ លោកហុង ក៍បាននិយាយផងដែរថាក្រុមហ៊ុនផលិតវាយនភ័ណ្ឌនេះនឹងមិនបន្ថែមរោងចក្រឬពង្រីកសាខាបន្ថែមទៀតក្នុងប្រទេសវៀតណាមក្នុងរយៈពេលបីឆ្នាំខាងមុខនេះទេ។ ក្រុមហ៊ុននេះបានឲ្យដឹងផងដែរថាខ្លួននឹងធ្វើការវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនផ្សេងទៀតដែលអាចជាប្រទេសឥណ្ឌូនេស៊ីឬប្រទេសកម្ពុជាដែលនឹងត្រូវចំណាយទឹកប្រាក់ជាង ៨០ លានដុល្លារអាមេរិកក្នុងការបង្កើតមជ្ឈមណ្ឌលផលិតកម្មជាង ១២០ កន្លែងទៀតក្នុងពេលខាងមុខនេះ។ នេះជាឱកាសល្អមួយសម្រាប់ប្រទេសកម្ពុជាបើសិនជាក្រុមហ៊ុនមួយនេះចូលមកវិនិយោគក្នុងប្រទេសនេះព្រោះថាកំណើនការវិនិយោគបរទេសនឹងកើនឡើងហើយជាឱកាសដែលអាចបង្កើតការងារដល់ប្រជាជនខ្មែរផងដែរ៕
ដោយ៖ នឿន វណ្ណះ