ក្រុមហ៊ុនអាមេរិកជាច្រើនសម្រេចចិត្តវេចបង្វេចចេញពីចិន តែមិនត្រលប់ទៅស្រុកកំណើតវិញ
រោងចក្រអាជីវកម្មរបស់អាមេរិកជាច្រើនកំពុងវេចបង្វេចផ្លាស់ចេញពីចិនរត់ទៅរកទីជម្រកថ្មីដែលអាចជួយស្រួចស្រង់ពួកគេចេញពីការវាយប្រហាររបស់ឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។
យោងតាមសារព័ត៌មាន Wall Street Journal បានឱ្យដឹងថាក្រុមហ៊ុន Yeti Holdings Inc. ក្រុមហ៊ុន iRobot Corp និងក្រុមហ៊ុន Crocs Inc និងក្រុមហ៊ុនផ្សេងទៀតកំពុងផ្លាស់ប្តូររោងចក្ររបស់ខ្លួនចេញពីប្រទេសចិនហើយរើទៅប្រទេសវៀតណាម ឥណ្ឌា តៃវ៉ាន់ និងម៉ាឡេស៊ី។
លោក Shawn Nelson នាយកប្រតិបត្តិការនៃក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម Lovesac Co បានអោយដឹងថាក្រុមហ៊ុនរបស់លោកកំពុងតែរវល់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូររោងចក្រផលិតកម្មទៅប្រទេសវៀតណាមយ៉ាងមមាញឹកដែលលោកយល់ឃើញថាក្រុមហ៊ុនរបស់លោកនឹងមិនឈានជើងចូលមកវិនិយោគក្នុងប្រទេសចិនម្ដងទៀតឡើយក្នុងពេលខាងមុខ។
ក្រុមហ៊ុនដែលផ្លាស់ប្តូរទីលំនៅពីប្រទេសចិនទំនងជាមិនអាចផ្លាស់ប្តូររោងចក្រមកប្រទេសមួយនេះវិញបានទេដោយសារតែមានការចំណាយខ្ពស់នៃការរើផ្លាស់ប្តូរទីកន្លែងរោងចក្ររបស់ពួកគេ។ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនតូចដែលកំពុងតែផ្លាស់ប្តូររោងចក្រផលិតកម្មរបស់ខ្លួនត្រលប់ទៅសហរដ្ឋអាមេរិកវិញដែលនេះជាគោលបំណងធំរបស់ប្រធានាធិបតីអាមេរិកលោក ដូណាលត្រាំ ក្នុងការចង់ឲ្យក្រុមហ៊ុនវិនិយោគក្នុងប្រទេសចិនរត់ចូលស្រុកកំណើតរបស់ខ្លួនវិញ។ ប៉ុន្តែយោងតាមសម្ដីរបស់លោក John Hoge ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Sea Eagle Boats Inc បាននិយាយថា "ប្រសិនបើយើងព្យាយាមធ្វើរោងចក្រនៅក្នុងសហរដ្ឋអាមេរិកវានឹងមានតម្លៃថ្លៃណាស់" ។ ហេតុនេះហើយបានជាមិនសូវមានអត្រាចំនួនក្រុមហ៊ុនអាមេរិកខ្ពស់ដែលផ្លាស់ទីរោងចក្ររបស់ខ្លួនត្រលប់ចូលមកក្នុងសហរដ្ឋអាមេរិកវិញដូចអ្វីដែលលោក ត្រាំ កំពុងរង់ចាំមើល។
ចំណែកឯចិនវិញគឺកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាសេដ្ឋកិច្ចមួយនេះបានធ្លាក់ចុះយ៉ាងខ្លាំងខណៈពេលដែលលោក ដូណាលត្រាំ នៅតែបន្តដាក់សម្ពាធលើប្រទេសមហាអំណាចអាស៊ីខាងកើតមួយនេះ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះទាបក្នុងរយៈពេល ២៦ ឆ្នាំនៅត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។ ប៉ុន្តែជម្លោះពាណិជ្ជកម្មនេះក៏ជះឥទ្ធិពលលើសហរដ្ឋអាមេរិកផងដែរ។ តួរយ៉ាងកសិករដាំសណ្តែកអាមេរិចដែលបានលក់ផលិតផលរបស់ពួកគេយ៉ាងច្រើនទៅកាន់ប្រទេសចិនគឺទទួលរងការប៉ះពាល់យ៉ាងខ្លាំង។ ប៉ុន្តែរដ្ឋបាលរបស់លោកត្រាំ បានផ្តល់ប្រាក់ជំនួយរាប់ពាន់លានដុល្លារដល់កសិករដាំសណ្ដែកទាំងនោះដើម្បីទូទាត់ផលប៉ះពាល់នោះ៕
ដោយ៖ នឿន វណ្ណៈ