ការនាំចេញរបស់សិង្ហបុរីមានការធ្លាក់ចុះ ១៧.៣% ក្នុងឆមាសទី១ ឆ្នាំ ២០១៩​



ការនាំចេញរបស់សិង្ហបុរី (ក្រៅពីប្រេង) (NODX) បានធ្លាក់ចុះប្រមាណ ១៧.៣% គិតត្រឹមខែមិថុនា ២០១៩ ដែលនេះបណ្តាលឲ្យមានការធ្លាក់ចុះរយៈពេល ៤ខែជាប់គ្នាក្នុងកម្រិតពីរខ្ទង់ នេះបើតាមការបង្ហាញទិន្នន័យពាណិជ្ជកម្មពីភ្នាក់ងារសហគ្រាសសិង្ហបុរីក្នុងថ្ងៃពុធ ទី១៧ កក្កដានេះ។  

តាមរយៈការស្ទង់មតិពី Reuters បានឲ្យដឹងថាក្រុមអ្នកសេដ្ឋវិទូបានព្យាករណ៍ថា ការនាំចេញរបស់សិង្ហបុរីអាចនឹងមានការធ្លាក់ចុះត្រឹម ៩.៩% ប៉ុណ្ណោះ តែជាក់ស្តែងវាបានធ្លាក់ចុះរហូតដល់ទៅ ១៧.៣% ទាំងការនាំចេញអេឡិចត្រូនិក និងមិនមែនគ្រឿងអេឡិចត្រូនិក។

ការនាំចេញក្នុងខែមិថុនាធ្លាក់ចុះ ៧.៦% បន្ទាប់ពីអត្រា ៥.៨% កាលពីខែឧសភា ខណៈការនាំចេញគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ ៣១.៩% (ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) បន្ទាប់ពីបានធ្លាក់ចុះ ៣១.៦% កាលពីខែមុន។

សម្រាប់ការនាំចេញផលិតផលមិនមែនជាគ្រឿងអេឡិចត្រូនិក មានការធ្លាក់ចុះ ១២.៤% បន្ថែមលើការធ្លាក់ចុះចំនួន ១១.១% កាលពីខែចាស់។ វាមិនត្រឹមតែមានការធ្លាក់ចុះលើការនាំចេញទេ តែការនាំចូលក្នុងប្រទេសក៏មានការថមថយដែរ ដែលការនាំចូលនោះថយចុះប្រមាណ ៤.៨%។ សរុបជារួម ការនាំចេញរបស់សិង្ហបុរីទៅកាន់ទីផ្សារកំពូលៗបានធ្លាក់ចុះពិសេសក្នុងខែមិថុនា លើកលែងតែសហរដ្ឋអាមេរិក។

តួលេខនៃការនាំចេញក្នុងខែមិថុនាត្រូវបានបង្ហាញមានការធ្លាក់ចុះ បន្ទាប់ពីមានចេញទិន្នន័យផលិតផលសរុបក្នុងស្រុកសរុប (GDP) ដែលអ្វីៗស្ថិតនៅពីក្រោមការប៉ាន់ប្រមាណរបស់សេដ្ឋវិទូ។ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងត្រឹមតែ ០.១% ប៉ុណ្ណោះនៅក្នុងត្រីមាសទី ២ ដែលជាល្បឿនមួយយឺតបំផុតប្រចាំឆ្នាំរបស់ខ្លួននៅក្នុងទសវត្សរ៍ នេះបើយោងតាមការប៉ាន់ស្មានផ្លូវការមួយចេញផ្សាយកាលពីថ្ងៃសុក្រ សប្តាហ៍មុន។ ចំនួនកំណើនចុងក្រោយនេះឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់ និងហានិភ័យខ្ពស់នៃសេដ្ឋកិច្ចពិភពលោកជាពិសេសជាមួយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន នេះបើតាមការលើកឡើងរបស់លោក Heng Swee Keat រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសិង្ហបុរីមិនរំពឹងថាវានឹងបន្តធ្លាក់ចុះពេញមួយឆ្នាំទេសម្រាប់សេដ្ឋកិច្ចប្រទេសខ្លួន ព្រោះខ្លួនមានចំនុចខ្លាំងផ្នែកព័ត៌មានវិទ្យាទំនាក់ទំនងនឹងវិស័យសំណង់។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ឲ្យដឹងថាមានការព្យាករណ៍លើសេដ្ឋកិច្ចសិង្ហបុរីថានឹងត្រូវរងការកាត់បន្ថយពី ២% ទៅ ២.៣% សម្រាប់កំណើនឆ្នាំ ២០១៩ ដោយសារភាពតានតឹងនៃសេដ្ឋកិច្ចសកល។ ធនាគារកណ្តាលសិង្ហបុរីព្យាករណ៍ពីកំណើនសម្រាប់ឆ្នាំ ២០១៩ នេះគឺវាស្ថិតនៅចន្លោះពី ១.៥% ទៅ ២.៥% ទាបជាងឆ្នាំ ២០១៨ ដែលមានអត្រា ៣.២%៕

ដោយ៖ យ៉ាយ៉ា

 

 

 

X
5s