តំណែង​​អ្នក​មាន​ជាងគេ​បំផុត​ទី២​ក្នុង​លោក​របស់​ Bill Gates ​បាន​ធ្លាក់​លើ​សេដ្ឋី​បារាំងបាត់ទៅ​ហើយ!​



អស់​រយៈពេល​ ៧​ ឆ្នាំ​មក​នេះ តំណែង​​​មហាសេដ្ឋី​​មាន​ជាងគេ​បំផុត​ក្នុង​លោក​របស់​​លោក​ Bill Gates ​មិន​ដែល​ខ្ទាត​ចេញ​ពី​លេខ​២​នោះ​ឡើយ។ ប៉ុន្តែ​ចំណាត់ថ្នាក់​នេះ​បាន​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារការ​កន្លង​ទៅ​ក្រោយ​មហាសេដ្ឋី​បារាំង​លោក  Bernard Arnault បាន​​ចូល​មក​ជំនួស​តំណែង​របស់​លោក។

ការ​ដណ្តើម​តំណែង​របស់​មហាសេដ្ឋី​ Bernard Arnault ​ពី​​​ស្ថាបនិក​ក្រុមហ៊ុន Microsoft ​រូប​នេះ​គឺ​ដោយសារតែ​​មាន​ការ​រួម​ចំណែក​យ៉ាង​ធំធេង​ពី​មុខ​ជំនួញ​ដ៏​កាក់កប​ពី​ក្រុមហ៊ុន​ផលិត​ទំនិញ​ប្រណិតៗ​​​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ LVMH នៅ ក្នុង​ឆ្នាំ ២០១៩​នេះ ។ ក្រុមហ៊ុន​នេះ​បាន​​រួមចំណែក​ជួយ​ឲ្យ​មហាសេដ្ឋី​បារាំង​វ័យ ៧០​ឆ្នាំ​រូប​នេះ​កើន​ទ្រព្យ​សម្បត្តិ​បន្ថែម​​​​រហូត​ដល់​ទៅ ១០៧,៦ ពាន់​លាន​ដុល្លារ ពោល​គឺ​ច្រើន​ជាង​លោក Bill Gates ចំនួន ២០០ លាន​ដុល្លារ។

បើ​​យោង​តាម​​ការ​ធ្វើ​​ចំណាត់ថ្នាក់​របស់​សារព័ត៌មាន Bloomberg ​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ទ្រព្យសម្បត្តិ​របស់​​លោក Arnault ​បាន​កើន​ឡើង ៣៩ ពាន់​លាន​ដុល្លារ​ឯណោះ ដែល​ជា​ចំនួន​មួយ​ច្រើន​​ជាងគេ​បំផុត​នៅ​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​កំពូលៗ​ ៥០០ របស់​​សារព័ត៌មាន​មួយ​នេះ។  លោក​​បាន​​គ្រប់គ្រង​ភាគហ៊ុន​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ LVMH  ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស និង​មាន​ភាគហ៊ុន​ចំនួន ៩៧% ​នៅ​ក្នុង​​​ក្រុមហ៊ុន​ Christian Dior ផង​ដែរ។ 

ក្នុង​នាម​ជា​មហាសេដ្ឋី​ដ៏​មាន​មុខមាត់​បំផុត​នៅ​​តំបន់​អឺរ៉ុប លោក Arnault ​និង​ក្រុម​គ្រួសារ​របស់​លោក​​ធ្លាប់​បាន​សន្យា​​ថា នឹង​​បរិច្ចាគ​ប្រាក់​ជាង ៦៥០​ លាន​ដុល្លារ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​​សម្រាប់​​សាងសង់​​ព្រះវិហារ​ប្រវត្តិសាស្ត្រ​ Notre Dame ដ៏​ល្បីល្បាញ​ឡើង​វិញ ក្រោយ​មាន​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​អស់​ទាំងស្រុង៕

ប្រភព៖ Fortune 500 

X
5s