សិង្ហបុរី​សង្ឃឹម​ថា​កម្ពុជា​នឹង​អាច​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​ខ្លួន​បាន​កាន់​តែ​ច្រើន​ជាង​មុន​



«ការ​នាំ​ចេញ​របស់​កម្ពុជា​មក​កាន់​សិង្ហបុរី​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ​» នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម ឆាន ឈុនស៊ីង រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី។ ឯក​ឧត្ដម​បន្ត​ថា ទំនិញ​ដូច​ជា បន្លែ ផ្លែឈើ ត្រី​សាច់ ម្ហូប​សមុទ្រ សុទ្ធ​តែ​ជា​ទំនិញ​ដែល​សិង្ហបុរី​ត្រូវ​ការ ដូច្នេះ​ឯកឧត្ដម​សង្ឃឹម​ខ្ពស់​ ទៅ​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សិង្ហបុរី។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​នៃ​ដំណើរ​ទស្សនកិច្ច​ការ​ងារ​របស់​ឯកឧត្ដម  ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ នា​ទឹក​ដី​សិង្ហបុរី។

តាម​ប្រភព​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ ឯក​ឧត្ដម​រដ្ឋមន្ត្រី​សិង្ហបុរី​ បាន​លើក​ឡើង​ថា ក្រៅ​អំពី​ទំនិញ​ត្រី​សាច់ បន្លែ​ផ្លែឈើ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ក្នុង​ការ​នាំ​នូវ​បរិក្ខារ​សំណង់​ដូចជា​ស៊ីម៉ង់ត៍ ខ្សាច់ និង​ទៅ​អនាគត​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ថាមពល​ផង​ដែរ។

ឯកឧត្ដម​រដ្ឋមន្ត្រី​កម្ពុជា បាន​យល់​ស្រប​ទៅ​លើ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​សិង្ហបុរី ក្រៅ​ពី​នេះ​ចំពោះ​ផលិតផល​នាំ​ចេញ​ឯកឧត្ដម​បាន​ណែនាំ​បន្ថែម​ដូច​ជា ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះទ្រុង ដែល​សុទ្ធ​តែ​ជា​ផលិតផល​កំណត់​ភូមិសាស្ត្រ ជា​ពិសេស​ម្រេច​កំពត​ដែល​ជា​ប្រភេទ​ម្រេច​ល្អ​លើស​គេ​និង​មាន​តម្លៃ​ខ្ពស់ ក្រៅ​ពី​នោះ​មាន​ អង្ករ ព្រម​ទាំង​ស្វាយ​ផង​ដែរ។ ជា​មួយ​គ្នា​នេះ​ ឯកឧត្ដម​បាន​អញ្ជើញ​ក្រុមហ៊ុន​សិង្ហបុរី ឲ្យ​មក​ស្វែងយល់​បន្ថែម​ឲ្យ​រឹត​តែ​ស៊ីជម្រៅ​ពី​ផលិតផល​សក្ដានុពល​របស់​កម្ពុជា​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប ក្រុមហ៊ុន NTUC Fairprice ដែល​ជា​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប (Supermarket) ជា​ច្រើន​នៅ​សិង្ហបុរី បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្ពស់​លើ​ផលិតផល​ស្វាយ ម្រេច​កំពត និង​អង្ករ។ លោក​តំណាង​ក្រុមហ៊ុន បាន​ជម្រាប​ជូន​ថា​លោក​នឹង​បញ្ជូន​សហការី​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​សិក្សា​លម្អិត​ក្នុង​ការ​នាំ​ផលិតផល​ទាំងនោះ​មក​សិង្ហបុរី។ ទន្ទឹម​នេះ ក្រុមហ៊ុន Enterprise Singapore ក៏​មាន​ចំណាប់​អារម្មណ៍​ខ្ពស់ ព្រមទាំង​សង្ឃឹម​ចូលរួម​ក្នុង​ការ​ប្រឹក្សា​លើ​ការងារ​ដូចជា​នគរូបនីយកម្ម​ហេដ្ឋរចនាសម្ព័ន្ធ។ល៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s