BIO Business Forum ទទួលបានការចាប់អារម្មណ៍ខ្លាំងពីម្ចាស់អាជីវកម្ម វិនិយោគិន និងសាធារណជនទូទៅ​



BIO Business Forum ធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ិ ទី២០ កក្កដា ២០១៩ នៅ Raintree Cambodia ពីម៉ោង ៨:៣០នាទីព្រឹក ដល់ ម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមប្រធានបទ៖ Startup Survival និង Business Scale up ដោយមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្ម អ្នកវិនិយោគ អ្នកដែលមានបំណងចង់បើកអាជីវកម្ម និងអ្នកធ្វើការនៅតាមក្រុមហ៊ុននានាជាច្រើន។

កម្មវិធី BIO Business Forum នេះមានការចូលរួមពីវាគ្មិន ៦ រូបគឺ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល CIC និងជាស្ថាបនិកផាកកាហ្វេ និង Vtrust Group លោក ម៉ៅ សាវីន Senior Investment Manager លោកឧកញ៉ា សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice (Cambodia) Co.,Ltd លោក ហ៊រ ហាប់ អគ្គនាយករងក្រុមហ៊ុន ជីហ្គៀ (G Gear) លោក ឡេង វិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន Wego និងលោក ឆៀង មករា សហស្ថាបនិក InBizNest រួមជាមួយអ្នកសម្របសម្រួលពីររូបគឺ លោក ឡែម ចាន់សម្រេច នាយកគ្រប់គ្រង CIC និងលោក សាន ឡាទី ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម។

តាមប្រសាសន៍របស់លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រង CIC បានឲ្យដឹងថា BIO Program ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ក៏ជាកម្មវិធីមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ CIC។ បេសកកម្មនៃការបង្កើត BIO Program ឡើងគឺដើម្បីបង្វែរលុយ ឬហិរញ្ញវត្ថុមួយចំនួនរបស់វិនិយោគិនទៅជួយសហគ្រិនដែលមានដូចជា ការទទួលបានចំណេះដឹង ការទទួលបានហិរញ្ញវត្ថុ ការទទួលបានទីផ្សារ និងការទទួលបានជំនាញ។ BIO នេះត្រូវបានបែងចែកជាពីគឺ BIO Investor Program គឺជួយអប់រំដល់វិនិយោគិនទាក់ទងជាមួយហានិភ័យលើការវិនិយោគ ការបែងចែកដើមទុនក្នុងការវិនិយោគ និងការចាប់យកឱកាសនៃការវិនិយោគ ដែលវាភ្ជាប់មកនូវ “វ” ៣ គឺ វិនិយោគ វិនិច្ឆ័យ និងវិន័យ។ ដោយឡែក BIO Entrepreneur Program គឺជាកម្មវិធីមួយជួយដល់សហគ្រិនក្នុង “ព” ៣ ដែរគឺ ពង្រឹង ពង្រីក និងពន្លឿនល្បឿនអាជីវកម្មរបស់ពួកគាត់។ រាល់កម្មវិធីរបស់ BIO Business Forum គឺជាការចែករំលែកចំណេះទៅសាធារណៈ ដោយមានការបង្ហាញ លើកឡើងពីសំណាក់អ្នកមានបទពិសោធន៍ក្នុងការប្រកបរបរអាជីវកម្ម ក៏ដូចជាបទពិសោធន៍របស់វិនិយោគិនដែលធ្លាប់ឆ្លងកាត់នាពេលកន្លងមក។

មានបញ្ហាជាច្រើនដែលកំពុងកើតមានលើអាជីវកម្ម ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម រួមទាំង Startup នោះមានដូចជា៖ បញ្ហាហិរញ្ញប្បទានសម្រាប់អាជីវកម្ម ខ្វះដៃគូរវិនិយោគ និងការគំរាមកំហែងពីអាជីវកម្មក្រៅប្រទេសនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃជាដើម។ ដោយមើលឃើញពីបញ្ហា និងការលំបាករបស់ម្ចាស់អាជីវកម្ម ឬសហគ្រិនបែបនេះហើយទើប CIC សម្រេចបង្កើតកម្មវិធី BIO Business Forum នេះឡើងដើម្បីចែករំលែកចំណេះដឹងពីអ្នកសហគ្រិន ដែលមានបទពិសោធន៍ទទួលបានជោគជ័យក្នុងការការពារអាជីវកម្មរបស់ខ្លួនតាំងពីពេលចាប់ផ្តើមរហូតមកទល់សព្វថ្ងៃ។ លើសពីនេះក៏មានការបើកឱកាសឲ្យវិនិយោគិនអាចស្វែងរក និងចាប់យកឱកាសវិនិយោគក្នុងវិស័យណាមួយដែលខ្លួនគិតថាចង់វិនិយោគ ព្រោះកម្មវិធី BIO Business Forum ជាការរៀបចំឲ្យជួបគ្នារវាងសហគ្រិន និងអ្នកវិនិយោគ។

ក្នុងវគ្គទី ១ ជាការពិភាក្សាគ្នាលើប្រធានបទ៖ “Startup Survival” ដែលបានពិភាក្សាដេញដោល ពីវាគ្មិនចំនួន ៣ រូបគឺ លោក គុយ វ៉ាត លោក ម៉ៅ សាវីន និង លោក ឧកញ៉ា សុង សារ៉ន ដោយមានការសម្របសម្រួលពី លោក ឡែម ចាន់សំរេច

ដោយឡែកនៅក្នុងវគ្គទី ២ ជាការពិភាក្សាគ្នាលើប្រធានបទ៖ “Business Scale up” ដោយវាគ្មិន ៣ រូបដែរគឺ លោក ហ៊រ ហាប់ លោក ឡេង វិសិដ្ឋ និងលោក ឆៀង មករា និងអ្នកសម្របសម្រួលគឺលោក សាន ឡាទី

តាមការឲ្យដឹងពីអ្នកចូលរួមកម្មវិធី BIO Business Forum បានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះថា៖

១) សម្រាប់ម្ចាស់អាជីវកម្ម៖ BIO Business Forum ពិតជាល្អនិងមានប្រយោជន៍ណាស់ ព្រោះពួកគាត់អាចទទួលបានចំណេះដឹងច្រើនពីការចែករំលែករបស់វាគ្មិន នូវដំណើរការនៃការប្រកបអាជីវកម្មពីការធ្លាប់ហែលឆ្លងការលំបាកអ្វីខ្លះ ហើយត្រូវប្រឈមមុខនឹងបញ្ហាទាំងអស់ដោយវិធីណាដើម្បីឲ្យខ្លួនអាចចាក់ឬសក្នុងអាជីវកម្ម និងបន្តរួសរានបាន។

២) វិនិយោគិន៖ BIO Business Program ផ្តល់ឱកាសដល់ពួកគាត់បានស្គាល់ម្ចាស់អាជីវកម្មថ្មីៗ តាមរយៈការជួបជុំគ្នានេះ។ លើសពីនេះគាត់ក៏អាចដឹងពីគន្លឹះមួយចំនួនក្នុងការវិនិយោគថាពេលណាគាត់គួរវិនិយោគ ហើយក្រុមហ៊ុន ឬអាជីវកម្មប្រភេទណា ស្ថិតក្នុងស្ថានភាពបែបណាដែលពួកគាត់គួរនិងមិនគួរវិនិយោគ៕

ដោយ៖ យ៉ាយ៉ា

 

X
5s