ម៉ាឡេស៊ីហ៊ានក្រោកឈរជំទាស់សកម្មភាពនិងគម្រោងសាងសង់មួយចំនួនរបស់មហាយក្សចិន
គួរឲ្យកោតសរសើរម៉ាឡេស៊ីដែលហ៊ានធ្វើអ្វីៗដែលប្រទេសស្រីលង្កា ប៉ាគីស្ថាន ម៉ាល់ឌីវ និងហ្វីលីពីនមិនហ៊ានធ្វើ គឺលុបចោលឬចរចាឡើងវិញនូវគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់មហាយក្សសេដ្ឋកិច្ចអាស៊ីចិន។ ជាក់ស្ដែង នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Bin Mohamad កំពុងក្រោកឈរជំទាស់ជាមួយនឹងសកម្មភាពមួយចំនួនរបស់ចិនទាំងនៅក្នុងទឹកដីម៉ាឡេស៊ីនិងនៅសមុទ្រចិនខាងត្បូង (South China Sea)។
ប្រភពរូប៖ Bloomberg
យោងតាមរបាយការណ៍របស់ Reuters បានឱ្យដឹងថានៅសប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីបានយកថវិកាវិញជាង ១ ពាន់លានរីងហ្គីត (២៤៣.៥ លានដុល្លារអាមេរិក) ពីគណនីធនាគាររបស់ក្រុមហ៊ុនរដ្ឋចិន China Petroleum Pipeline Engineering (CPP) ដែលមិនបានគោរពគោរពតាមលក្ខខណ្ឌរបស់គម្រោងសាងសង់ប្រព័ន្ធបំពង់បង្ហូរប្រេង។ កាលពីខែមេសាឆ្នាំនេះ ម៉ាឡេស៊ីបានធ្វើការចរចារួចម្ដងមកហើយជាមួយចិនលើគម្រោងសាងសង់មួយទៀត The East Coast Rail Project ឲ្យកាត់បន្ថយតម្លៃសាងសង់មកដល់ ១ ភាគ ៣។
ទាំងអស់នេះគឺជាការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសចិនបន្ទាប់ពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលោក Mahathir Bin Mohamad ដែលលោកកំពុងអនុវត្តយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដែលបានប្ដេជ្ញាថានឹងធ្វើការចរចាឡើងវិញនូវការវិនិយោគទាំងឡាយរបស់ចិននៅក្នុងប្រទេសម៉ាឡេស៊ីដែលគម្រោងទាំងនេះសុទ្ធតែបម្រើផលប្រយោជន៍ដល់ទីក្រុងប៉េកាំងច្រើនជាងការបម្រើផលប្រយោជន៍ដល់ទីក្រុងគូឡាឡាំពួរ។
ជាពិសេសនោះ គោលនយោបាយរបស់ម៉ាឡេស៊ីក៍តម្រង់ទិសសំដៅទៅលើសមុទ្រចិនខាងត្បូងដោយប្រទេសនេះបានបោះចោលគោលការណ៍ Mahathir Doctrine ដែលជាគោលការណ៍មានគោលបំណងរក្សាសន្តិភាពពីវត្តមានរបស់នាវាចម្បាំងទាំងឡាយក្នុងសមុទ្រចិនខាងត្បូងដោយម៉ាឡេស៊ីបានសម្ញែងអាវុធយុទ្ធភ័ណ្ឌកាំជ្រួចមីស៊ីលរបស់ខ្លួនក្នុងតំបន់នេះ។ កាលពីថ្ងៃ ១៥ កក្កដា កងនាវាចរភូមិន្ទម៉ាឡេស៊ី (RMN) បានរៀបចំការបង្ហាញកាំជ្រួចមីស៊ីលរបស់ខ្លួននៅក្បែរតំបន់ដែនសមុទ្រចិនខាងត្បូងនេះ ដែលសមយុទ្ធនេះជាផ្នែកមួយនៃសមយុទ្ធយោធាទ្រង់ទ្រាយធំ ត្រូវបានគេស្គាល់ថាជាលំហាត់សមយុទ្ធ Kerismas និង Taming Sari ។ សមយុទ្ធនេះលេចមុខឡើងពីរបីថ្ងៃបន្ទាប់ពីប្រទេសវៀតណាមបានបញ្ជូននាវារបស់ខ្លួនទៅរារាំងនាវាចិននៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
កន្លងមកប្រទេសវៀតណាមក៏បានធ្វើការជំទាស់ជាមួយនឹងសកម្មភាពចិនដែលកំពុងមានលើទឹកដីសមុទ្រចិនខាងត្បូងនេះដែរ ហើយបានដាក់កំហិតលើសកម្មភាពជាច្រើនរបស់ប្រទេសចិននៅក្នុងតំបន់ភាគខាងត្បូងសមុទ្រចិននេះដូចជាការសាងសង់កោះសិប្បនិម្មិត ដាក់រនាំងប្លុកនិងព្រមទាំងពង្រាយមីស៊ីលក្នុងតំបន់នេះជាដើម។ ដូចនេះម៉ាឡេស៊ីក៍មិនខ្លាចនឹងធ្វើការជំទាស់នឹងបងធំអាស៊ីមួយនេះដែរដោយខ្លួនបានធ្វើបទបង្ហាញពីអាវុធកាំជ្រួចមីស៊ីលរបស់ខ្លួនដែលអាចជាសញ្ញាមួយដែលបញ្ជាក់ថាខ្លួនកំពុងមិនពេញចិត្តជាមួយនូវអ្វីដែលចិនកំពុងធ្វើក្នុងដែនដីសមុទ្រភាគខាងត្បូងនេះ។
ប៉ុន្តែការបះបោររបស់ប្រទេសម៉ាឡេស៊ីប្រឆាំងប្រទេសចិន អាចនឹងមិនមានរយៈពេលយូរនោះទេដោយសារតែសេដ្ឋកិច្ចរបស់ខ្លួនបានរួមបញ្ចូលប្រទាក់រួចទៅហើយជាមួយសេដ្ឋកិច្ចចិនដែលជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសម៉ាឡេស៊ីហើយបានធ្វើឱ្យទីក្រុងគូឡាឡាំពួពឹងផ្អែកលើទីក្រុងប៉េកាំងយ៉ាងខ្លាំងចំពោះភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ខ្លួន៕
ដោយ៖ នឿន វណ្ណៈ