ដំណឹងល្អសម្រាប់សហគ្រិនកសិកម្ម! ទំនិញអាទិភាព ៦មុខនេះក្រសួងនឹងត្រៀមនាំទៅទីផ្សារចិន
ផលិតផលកសិកម្មចំនួន៦មុខដែលរួមមាន ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ស្រកានាគ ផ្លែដូងក្រអូប និងទឹកមាត់ត្រចៀកកាំ ត្រូវបានក្រសួងជ្រើសរើសជាមុខទំនិញសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាបណ្ដាឆ្នាំខាងមុខនេះ ដូច្នេះម្ចាស់សហគ្រាសកសិកម្ម និងអ្នកដែលប្រកបមុខរបរទាក់ទងនឹងវិស័យកសិកម្មគួរត្រៀមខ្លួនសម្រាប់ឱកាសល្អនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានកសិកម្ម។
តាមប្រភពខាងលើបានឲ្យដឹងថា មុននឹងអាចនាំទំនិញទាំងនោះចេញបាន ប្រទេសចិនតម្រូវឲ្យប្រទេសកម្ពុជាបំពេញតាមលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ព្រមទាំងបទដ្ឋានសុវត្ថិភាពម្ហូបអាហារពាក់ព័ន្ធដែលមានចែងនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។
ជាមួយគ្នានេះ អង្គភាពសមត្ថកិច្ចពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យនៃប្រទេសទាំងពីរនឹងដំណើរការចរចាគ្នាពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមនានានៃផលិតផលនីមួយៗ ដោយរួមមានការចុះត្រួតពិនិត្យនិងវាយតម្លៃទៅលើទីវាលផ្ទាល់ ពីសំណាក់សមត្ថកិច្ចអនាម័យនិងភូតគាមអនាម័យ នៃអគ្គរដ្ឋបាលគយចិននៅតាមកសិដ្ឋាននិងទីតាំងវេចខ្ចប់។
ដូច្នេះសហគ្រិនដែលមានផលិតផលដូចទៅនឹងការប្រកាសរបស់ក្រសួង ហើយមានបំណងនាំចេញផលិតផលទាំងនោះទៅកាន់ប្រទេសចិន សូមទំនាក់ទំនងដាក់ពាក្យស្នើសុំចុះបញ្ជីនៅ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ចាប់ពីពេលនេះតទៅ នៅរាល់ម៉ោងធ្វើការ៕
ដោយ៖ ជួប ស្រីរ័ត្ន