ឥណ្ឌូនេស៊ីបានបញ្ចូនសម្រាម ៧កុងតេន័រទៅកាន់បារាំង និងហុងកុងវិញ​



ឥណ្ឌូនេស៊ីបានបញ្ជូនសំរាមចំនួន ៧ កុងតេន័រ ទៅប្រទេសប្រភពដើមវិញដែលមានប្រទេសបារាំងនិងហុងកុង ដែលសំរាមទាំងនោះបានត្រូវគេដឹកចូលមកក្នុងប្រទេសមួយនេះដោយខុសច្បាប់។ 

យោងតាមមន្រ្តីគយនៅលើកោះ Batam នៅជិតប្រទេសសិង្ហបុរីបានឲ្យដឹងថាកុងតេន័រទាំងនោះផ្ទុកទៅដោយសំរាមដូចជាសំរាមប្លាស្ទិកនិងសំណល់ដែលមានជាតិពុលដែលមានគ្រោះថ្នាក់ខ្ពស់ ដែលនេះជាការរំលោភបំពានលើច្បាប់នាំចូល។

តាមរយៈសម្ដីរបស់ប្រធានការិយាល័យគយក្នុងស្រុក លោក Susila Brata បានឲ្យដឹងថាមានមន្ត្រីមួយចំនួនបានឃើញពីហេតុការណ៍នេះក្នុងពេលដែលនាវាមួយបានដាក់កុងតេន័រសំរាមទាំងនោះមកទម្លាក់ចុះលើដែនដីឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទហើយនាវាដឹកជញ្ជូននោះក៍ចាកចេញពីទីនោះភ្លាមៗទៅវិញ។ ហើយកុងតាន័រដែលត្រូវបញ្ជូនទៅប្រទេសប្រភពដើមវិញគឺមាន ៥ កុងតេន័រត្រូវបញ្ជូនទៅហុងកុងហើយពីរកុងតាន័រទៀតត្រូវបញ្ជូនទៅបារាំងវិញ។ មិនត្រឹមតែប៉ុណ្ណោះទេ អាជ្ញាធរឥណ្ឌូនេស៊ីកំពុងរង់ចាំសេចក្ដីសម្រេចដើម្បីត្រៀមនឹងប្រគល់កាកសំណល់ចំនួន ៤២ កុងតេន័រទៀតនៅឯកំពង់ផែទៅដល់សហរដ្ឋអាមេរិក អូស្ត្រាលី និងអាឡឺម៉ង់វិញ។

សកម្មភាពទាំងនេះរបស់ប្រទេសឥណ្ឌូនេស៊ីគឺជាការបង្ហាញយ៉ាងច្បាស់ថាទីក្រុងចាកាតាមិនព្រមឲ្យប្រទេសដទៃចាត់ទុកប្រទេសឥណ្ឌូនេស៊ីជាគំនរសំរាមសំរាប់ប្រទេសទាំងឡាយដឹកជញ្ជូនសំរាមមកចាក់ដោយសេរីនោះទេ។ កាលពីមុនប្រទេសចិនធ្លាប់ជាគោលដៅរបស់ប្រទេសទាំងនោះក្នុងការដឹកជញ្ជូនកាកសំណល់ផ្លាស្ទិកនិងសំរាមផ្សេងៗ មកទម្លាក់ចោលលើដែនដីប្រទេសមួយនេះ។ ប៉ុន្តែក្នុងឆ្នាំមុននេះប្រទេសមួយនេះបានបិទទ្វាឈប់ទទួលយកកាកសំណល់ពីប្រទេសទាំងនោះក្នុងគោលបំណងសម្អាតនិងកែលំអរបរិស្ថានឡើងវិញ។ 

ជាលទ្ធផលកាកសំណល់ដែលធ្លាប់តែត្រូវបានបញ្ជូនទៅប្រទេសចិនបែរជាបង្វែទិសដៅតម្រង់មកប្រទេសអាស៊ីអាគ្នេយ៌មួយចំនួនមានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី  ហ្វីលីពីន និងកម្ពុជាដើម។ ភាគច្រើនកាកសំណល់ទាំងនោះគឺសុទ្ធតែដឹកជញ្ជូនមកក្នុងប្រទេសអាស៊ីអាគ្នេយ៍ដោយខុសច្បាប់ដែលមានផ្ទុកកាកសំណល់មានសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់បរិស្ថាន សុវត្ថិភាពសត្វនិងមនុស្សផងដែរ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s