ទម្លាប់ទាំង ៥ ដែលអ្នកត្រូវប្រកាន់ខ្ជាប់ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន​



ដំណោះស្រាយតែមួយឬវិធីតែមួយមិនអាចជួយអ្នកឲ្យក្លាយជាអ្នកមាននោះទេ។ ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវមានទម្លាប់អំពីរឿងលុយកាក់សិន។ នៅពេលអ្នកមានទម្លាប់ មានវិន័យអំពីលុយកាក់ហើយនោះ អ្នកអាចនឹងក្លាយជាអ្នកមាន មានភាពរីករាយបាន។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ៥ ដែលអ្នកត្រូវប្រកាន់ខ្ជាប់ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន៖ 

១) កុំចំណាយដើម្បីភាពងាយស្រួល

ជាមួយនឹងបច្ចេកវិទ្យាដោយគ្រាន់តែប្រើប្រាស់ចង្អុលដៃរបស់អ្នកក៏អាចធ្វើកម្មង់ម្ហូបអាហារ ភេសជ្ជៈបានយ៉ាងងាយស្រួល នេះហើយដែលធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការចាយវាយ។ ភាពងាយស្រួលធ្វើឲ្យអ្នកចំណាយកាន់តែច្រើន។ ដូចនេះ ប្រសិនបើអ្នកចូលចិត្តទទួលទានកាហ្វេ អ្នកគួរតែទិញគ្រាប់កាហ្វេឬទិញកាហ្វេយកមកឆុងញ៉ាំខ្លួនឯងនៅផ្ទះជាជាងចូលហាងកាហ្វេរៀងរាល់ព្រឹក។ ប្រសិនបើអ្នកអាចបង្កើតកញ្ចប់ថវិកា និងមានទម្លាប់ល្អ នោះអ្នកអាចកាត់បន្ថយចំណាយបានកាន់តែច្រើន។ អ្នកត្រូវចាំថា ការសន្សំសំចៃបន្ដិចបន្ដួចពិតជាសំខាន់ខ្លាំងណាស់ចំពោះភាពមានបានរបស់អ្នក។ 

២) រស់នៅដោយការដាក់ខ្លួន

អ្នកប្រហែលជាគិតថាឡានថ្លៃ ផ្ទះធំ គឺបញ្ជាក់អំពីភាពជោគជ័យនិងភាពរីករាយរបស់អ្នក។ ពេលខ្លះវាជារឿងត្រឹមត្រូវ ប៉ុន្តែបុគ្គលជោគជ័យក្នុងពិភពលោកមួយចំនួនរស់នៅដោយដាក់ខ្លួនបំផុត។ ជាឧទាហរណ៍ លោក Warren Buffett លោករស់នៅក្នុងផ្ទះចាស់របស់លោកចាប់តាំងពីឆ្នាំ ១៩៥៨ មកម្លេះ ហើយបើកឡាន Cadillac ឆ្នាំ ២០០៦។ នេះគឺជាការរស់នៅដោយការដាក់ខ្លួនរបស់មហាសេដ្ឋីមានប្រាក់ ៧០ ពាន់លានដុល្លាររូបនេះ។ 

មិនសំខាន់ថាប្រាក់ចំណូលរបស់អ្នកប៉ុណ្ណានោះទេ អ្នកត្រូវតែរស់នៅដាក់ខ្លួន។ អ្នកប្រហែលជាមានការភ្ងាក់ផ្អើលប្រសិនបើអ្នកដឹងថាបុគ្គលដែលមើលទៅដូចជាមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ប៉ុន្តែពួកគេមិនសូវយកប្រាក់ទៅសន្សំនោះទេ។ វាជារឿងល្អប្រសិនបើផ្ដល់រង្វាន់ដល់ខ្លួនអ្នកយូរៗម្ដង ប៉ុន្តែអ្នកត្រូវរស់នៅដោយដាក់ខ្លួនបំផុត នោះអ្នកនឹងកាន់តែរីករាយនិងភាពមានបានក្នុងរយៈពេលយូរអង្វែង។ 

៣) ជៀសវាងការជាប់បំណុល

ប្រសិនបើអ្នកចង់បង្កើតនូវភាពមានបានរឹងមាំ អ្នកត្រូវជៀសវាងការជាប់ជំពាក់បំណុល។ ប៉ុន្តែប្រសិនបើអ្នកជួបនូវបញ្ហា អ្នកគួរតែស្វែងរកអ្នកជួយប្រឹក្សាមុននឹងខ្ចីលុយអ្នកដទៃ។ ឧទាហរណ៍៖ ព្យាយាមខ្ចីលុយពីមិត្តភក្ដ ឬគ្រួសារ ដោយសងពួកគេវិញជាមួយនឹងការប្រាក់តិចតួច ប្រសើរជាងខ្ចីលុយអ្នកដទៃដែលអ្នកត្រូវបង់ការប្រាក់ច្រើន។ ភាពខុសគ្នានោះគឺអ្នកមិនប៉ះពាល់ទៅដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងមិនបង្កើននូវការប្រាក់ច្រើនប្រសិនបើអ្នកមិនបានបង់ប្រាក់។ 

៤) លក់របស់របរដែលមិនត្រូវការ

អ្នកប្រហែលជាមានរបស់របរដែលនៅសល់ ដែលមិនបានប្រើប្រាស់ឬមិនចាំបាច់ជាច្រើន។ អ្នកអាចលក់របស់របរទាំងនោះ ដើម្បីទទួលបានកម្រៃខ្លះ ជាជាងទុកចោលនាំតែចង្អៀតផ្ទះ។ នាពេលបច្ចុប្បន្នកាន់តែងាយស្រួលទៀត ដោយអ្នកអាចលក់តាមអនឡាញ ឬតាមបណ្ដាញសង្គមនានា។ ដូចនេះ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម អ្នកអាចលក់របស់របរដែលអ្នកមិនប្រើប្រាស់ចោល។ 

៥) ស្វែងរកចំណូលបន្ថែម

មិនថាអ្នកមានអារម្មណ៍ថាអ្នកមានសុវត្តិភាពក្នុងការងារក្នុងពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែអ្នកត្រូវតែបង្ការបន្ថែមតាមរយៈការរកចំណូលបន្ថែម។ មានវិធីជាច្រើនដែលអ្នកអាចរកលុយបន្ថែមបាន ដូចជាធ្វើការក្រៅម៉ោង ឬកាន់គម្រោងអ្វីមួយជាដើម។ ប្រសិនបើអ្នកមិនអាចរកការងារក្រៅម៉ោងបាន អ្នកអាចកាន់គម្រោងណាមួយដែលអ្នកធ្វើបានបន្ថែមពីការងារពេញម៉ោងរបស់អ្នក។ ប្រសិនបើអ្នកពិតជាចង់ទទួលបានប្រាក់បន្ថែម អ្នកត្រូវមានចំណូលច្រើនមុខបន្ថែម៕

ដោយ៖ លង់ វណ្ណៈ

 

X
5s