ប្រទេសធំៗកំពុងបណ្ដាក់ទុនវិនិយោគខ្នាតធំក្នុងប្រទេសឥណ្ឌូនេស៊ី​



យោងតាមទិន្នន័យវិនិយោគចុងក្រោយដែលចេញដោយក្រុមប្រឹក្សាសម្របសម្រួលវិនិយោគ (Investment Coordinating Board) កាលពីថ្ងៃអង្គារ បានឱ្យដឹងថាសិង្ហបុរីនៅតែជាប្រទេសវិនិយោគិនបរទេសធំជាងគេបង្អស់របស់ឥណ្ឌូនេស៊ីក្នុងឆមាសទី ១ ដោយតម្លៃនៃការវិនិយោគសរុបជាង ៣.៤ ពាន់លានដុល្លារអាមេរិកដែលមានគម្រោងសរុបចំនួន ៥ ៣៤៨។

ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសជប៉ុនគឺជាប្រទេសធំទី ២ ដែលមានទឹកប្រាក់វិនិយោគចំនួនជាង ២.៤ ពាន់លានដុល្លារអាមេរិកដែលមានគម្រោងចំនួន ៣៧០៨ គម្រោង។ បន្ទាប់មកគឺប្រទេសចិនដែលជាប្រទេសធំលំដាប់ទី ៣ ជាមួយនឹងថវិកាការវិនិយោគចំនួន ២.៣ ពាន់លានដុល្លារអាមេរិកដែលមានចំនួន ១៥១៨ គម្រោង។

ជប៉ុនបានទម្លាក់ប្រទេសចិនពីតំណែងទី ២ ក្នុងនាមជាប្រទេសដែលកំពុងមានការវិនិយោគខ្នាតធំក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆមាសទីមួយនេះ។ ហើយបន្ទាប់ពីចិនគឺហុងកុងជាប់ចំណាត់ថ្នាក់ទី ៤ ដែលមានទឹកប្រាក់វិនិយោគសរុបក្នុងឥណ្ឌូនេស៊ីចំនួន ១.៣ ពាន់លានដុល្លារអាមេរិកជាមួយនឹងគម្រោងចំនួន ១ ០៦៨ ដែលតោងកន្ទុយនឹងប្រទេសមួយនេះដោយប្រទេសម៉ាឡេស៊ីដែលមានទឹកប្រាក់វិនិយោគទៅលើឥណ្ឌូនេស៊ីក្នុងចំនួន ១ ពាន់លានដុល្លារអាមេរិកដោយមានគម្រោងសរុបចំនួន ១ ៤៣២។

តាមទន្និន័យលទ្ធផលនៃការវិនិយោគក្នុងឥណ្ឌូនេស៊ី ការវិនិយោគសរុបមានចំនួនទឹកប្រាក់ជាង ២៨.២ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី ១ ដែលនេះជាការកើនឡើងជាង ៩.៤ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការវិនិយោគទុនដោយផ្ទាល់ពីបរទេសបានកើនឡើង ៤ ភាគរយដល់ទៅ ១៥.២ ពាន់ពាន់ដុល្លារអាមេរិកក្នុងឆមាសទីមួយរីឯការវិនិយោគក្នុងស្រុកបង្ហាញថាមានកំណើនខ្ពស់ដល់ទៅ ១៦.៤ ភាគរយដែលមានតម្លៃ ១៣ ពាន់លានដុល្លារអាមេរិក៕

ដោយ៖ នឿន វណ្ណៈ

 

X
5s