ប្រាក់បាតកាន់តែឡើងថ្លៃ ខណៈសេដ្ឋកិច្ចរបស់ថៃកំពុងមានការធ្លាក់ចុះ
មិនធម្មតាទេ ប្រាក់បាតថៃកំពុងតែឡើងថ្លៃបើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះហើយពោលគឺឡើងថ្លៃច្រើនជាងរូបិយប័ណ្ណផ្សេងៗទៀតដែលកំពុងលេចធ្លោលើទីផ្សារ។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថាទោះជាយ៉ាងនេះក្ដី ការស្ទុះឡើងតម្លៃនៃរូបិយប័ណ្ណមួយនេះកំពុងបង្កក្តីបារម្ភខណៈសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនេះចុះខ្សោយ។
ចាប់តាំងពីដើមឆ្នាំនេះរូបិយប័ណ្ណរបស់ប្រទេសថៃបានកើនឡើងជាង ៥ ភាគរយបើធៀបនឹងប្រាក់ដុល្លារ។ ពីមួយឆ្នាំទៅមួយឆ្នាំតម្លៃប្រាក់បាតកាន់តែកើនខ្ពស់រហូតដល់ជិត ៨ ភាគរយ ។ ជាពិសេសនោះរូបិយប័ណ្ណដែលកំពុងលេចធ្លោនិងមានសន្ទុះកំណើនតម្លៃច្រើនជាងប្រាក់ដុល្លារអាមេរិកនៅក្នុងតំបន់អាស៊ីនេះដែរនោះគឺនៅតែមានកម្រិតទាបជាងកំណើនតម្លៃប្រាក់បាត។ ជាក់ស្ដែង ប្រាក់រូពីឥណ្ឌូនេស៊ីនិងប៉េសូហ្វីលីពីនបានកើនឡើងច្រើនត្រឹមតែជាង ៣ ភាគរយប៉ុណ្ណោះបើធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំនេះ។
លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវ Capital Economics បានឲ្យដឹងថា៖ «អ្នកធ្វើគោលនយោបាយនិងអ្នកនាំចេញនៅក្នុងប្រទេសថៃមួយចំនួនកំពុងតែបង្ហាញការព្រួយបារម្ភជាថ្មីអំពីកម្លាំងកំណើនសន្ទុះប្រាក់បាត។ ខណៈរូបិយប័ណ្ណមួយចំនួនដែលកំពុងលេចធ្លោជាខ្លាំងបើធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមែន ប៉ុន្តែសន្ទុះកំណើនតម្លៃរបស់ប្រាក់ទាំងនោះមិនបានឡើងខ្ពស់ដូចការឡើងថ្លៃប្រាក់របស់បាតឡើយ។ សន្ទុះកើនតម្លៃនៃប្រាក់បាតត្រូវបានកើតឡើងដោយសារភាពអតិរេកពាណិជ្ជកម្មដ៏ធំរបស់ប្រទេសថៃនិងធនាគារកណ្តាល។››
រូបិយប័ណ្ណកាន់តែកើនឡើង កាន់តែធ្វើឱ្យការនាំចេញរបស់ប្រទេសនេះមានតម្លៃថ្លៃជាងមុនដែលធ្វើឱ្យភាពទាក់ទាញនៅក្នុងទីផ្សារអន្តរជាតិមានការធ្លាក់ចុះ។ តាមរយៈការសិក្សានៃធនាគារថៃបានបង្ហាញឲ្យឃើញថា ក្នុងកត្តាដែលប្រាក់បាតឡើងថ្លៃ ១ ភាគរយ ធៀបនឹងប្រាក់ដុល្លារគឺវានឹងបង្កើនតម្លៃនាំចេញដែលគិតជាប្រាក់ដុល្លារគឺកើនជាង ០.៣ ភាគរយ។ ទន្ទឹមនឹងនេះដែរ ការនាំចេញរបស់ប្រទេសថៃកំពុងធ្លាក់ចុះក្នុងរយៈពេល ៣ ខែជាប់គ្នាមកនេះដោយខែឧសភាមានការធ្លាក់ចុះដល់ទៅជាង ៥.៧៩ ភាគរយបើធៀបក្នុងពេលតែមួយក្នុងឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះទេ កាលពីថ្ងៃអង្គារទិន្នន័យបានបង្ហាញថាទិន្នផលផលិតកម្មរបស់ប្រទេសថៃសម្រាប់ខែមិថុនាមានទិសដៅដូចគ្នាគឺធ្លាក់ចុះជាង ៥.៥៤ ភាគរយពីមួយឆ្នាំមុន៕
ដោយ៖ នឿន វណ្ណៈ