ចិន​ចាប់​អារម្មណ៍​វិនិយោគ​ផលិត​ថាមពល​អគ្គិសនីដោយ​ឆ្នៃ​ពី​សំរាម​ក្នុង​ខេត្ត​សៀមរាប​



លោកស្រី Huang Danqing  ប្រធាន​សភា​ពាណិជ្ជកម្ម និងជា​ប្រធាន​ក្រុមហ៊ុន Ronghui Fujian Group Co.,Ltd  ព្រម​ទាំង​ជា​ប្រធាន​ក្រុមហ៊ុន​ចំនួន​២២ បាន​បង្ហាញ​ពី​គោល​បំណង​របស់​ប្រតិភូ សភា​ពាណិជ្ជកម្ម​ហ្វូចៀន មក​កាន់​ខេត្ត​សៀមរាប  ដើម្បី​សិក្សា​អំពី​ស្ថានភាព​ភូមិសាស្ត្រ និង សក្ដានុពល​ ក្នុង​គោលដៅ​ធ្វើ​ជា​ដៃគូ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​ទេសចរណ៍ និង​ការ​ផលិត​ថាមពល​អគ្គិសនី ឆ្នៃ​ចេញ​ពី​សំរាម។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជា​មួយ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប នា​សាលា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ។ 

ក្នុង​ជំនួប​នេះ​គណៈប្រតិភូ​បាន​សំដែង​នូវ​ការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ខេត្ត​សៀមរាប ដោយ​មាន​បំណង​មក​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​ផលិត​ថាមពល​អគ្គិសនី​កែច្នៃ​ចេញ​ពី​សំរាម។  ក្នុង​នោះ​ដែរ​អ្នក​ជំនាញ​បច្ចេកទេស ក្នុង​ការ​កែច្នៃ​សំរាម​ធ្វើ​ជា​ថាមពល​អគ្គិសនី បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ប្រើប្រាស់​សំរាម ៨០០តោន ហើយ​ក្នុង​១តោន​សំរាម​ អាច​ផលិត​ថាមពល​បាន ១៥០​គីឡូវ៉ាត ។ 

ឯកឧត្តម ទៀ សីហា សង្ឃឹម​ជឿជាក់​ថា ក្នុង​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​និង​គ្នា​នោះ​នឹង​ធ្វើ​ឲ្យ​ខេត្ត​សៀមរាប មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​ជឿនលឿន​ដូច​បណ្តា​ប្រទេស​​រីកចម្រើន​នានា​នៅ​លើ​ពិភពលោក  ព្រោះ​កម្ពុជា​មាន​ ប្រាង្គ​ប្រាសាទ​អង្គរ  រមណីដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន និង​បឹង​ទន្លេសាប  ដែល​យើង​សុទ្ធតែ​អាច​បង្កើត​បាន​ថ្មី​ទៀត​នូវ​តំបន់​អេកូ​ទេសចរណ៍​ផ្សេងៗ​ទៀត៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s