Huawei នៅតែឈរនៅលំដាប់លេខពីរនៃការលក់ស្មាតហ្វូនរបស់ខ្លួន ទោះបីរងការដាក់ទណ្ឌកម្មពីអាមេរិក
យោងតាមសារព័ត៌មាន Channel News Asia នៅទីក្រុងវ៉ាស៊ីនតោនចេញផ្សាយកាលពីថ្ងៃពុធ ទី៣១ កក្កដា ២០១៩ បានឲ្យដឹងថា ក្រុមហ៊ុន Huawei នៅតែអាចឈរជើងក្នុងជាអ្នកលក់ស្មាតហ្វូនកំពូលលំដាប់ទី ២ លើពិភពលោកទោះបីជាក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យានេះបានរងការគាបសង្កត់ ដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក្នុងត្រីមាសកន្លងទៅក៏ពិតមែន។
ក្រុមហ៊ុនចិនមួយនេះបានគ្រប់គ្រងរាល់ការជំរុញការលក់របស់ខ្លួន ទោះបីជាទីផ្សារទាំងមូលបានធ្លាក់ចុះក៏ដោយក៏នៅតែឈរលើចំណែកទីផ្សារនៃក្រុមហ៊ុន Samsung និងក្រុមហ៊ុននាំមុខមួយរបស់អាមេរិកគឺ Apple ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
យោងតាម Strategy Analytics បានឲ្យដឹងថាការលក់ស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះ ២.៦% ស្មើនឹង ៣៤១ លានគ្រឿងចន្លោះពីខែមេសាដល់ខែមិថុនា។ ក្រុមហ៊ុន Samsung បានបង្កើនចំណែកទីផ្សាររបស់ខ្លួនដល់ ២២% ក្នុងនោះ ៧% បានមកពីការលក់ Handset ដែលនាំឲ្យខ្លួនអាចបន្តកំណើននៃអាជីវកម្មបាន។ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានឈរលើក្រុមហ៊ុនចិន Huawei ១៧% នៃចំណែកទីផ្សារសរុប និងលើក្រុមហ៊ុន Apple មាន ១១% នៃចំណែកទីផ្សារស្មាតហ្វូនរសុបលើពិភពលោក។
ក្រុមហ៊ុន Huawei បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនិងបង្កើនការនាំចេញស្មាតហ្វូនទៅទូទាំងពិភពលោកចំនួន ៨% ជារៀងរាល់ឆ្នាំ នេះបើតាមការឲ្យដឹងពីអ្នកដឹកនាំជាន់ខ្ពស់របស់ Strategy Analytics លោក Neil Mawston។
ការហាមឃាត់របស់អាមេរិកមិនបានក្លាយជាផលរំខាន និងប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនមួយនេះទេ ពោលគឺមិនបានធ្វើឲ្យធ្លាក់ចុះនូវចំណែកទីផ្សារ Huawei និងការផ្គត់ផ្គង់ស្មាតហ្វូនរបស់ខ្លួនឡើយ។ ការស្ទង់មតិបានបង្ហាញថាក្រុមហ៊ុនចិន Xiaomi និង Oppo កាន់កាប់លំដាប់ទី ៤ និងទី ៥ ភាគច្រើនដោយសារតែការលក់នៅក្នុងទីផ្សារក្នុងស្រុករបស់ពួកគេ រួមទាំងការគាំទ្ររបស់អតិថិជនពីបណ្តាប្រទេសនានា។ យោងតាមគេហទំព័រ Counterpoint បានបង្ហាញថាចំណែកទីផ្សារស្មាតហ្វូនទូទាំងពិភពលោកដែលរួមបញ្ចូលគ្នារវាងក្រុមហ៊ុនធំៗ របស់ចិនដូចជា Huawei Oppo Vivo Xiaomi និង Realme បានឈានដល់ ៤២ ភាគរយដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន៕
ដោយ៖ យ៉ាយ៉ា