កូរ៉េខាងត្បូងចំណាយជាង ៦ពាន់លានដុល្លារលើ R&D ដើម្បីកាត់បន្ថយការនាំចូលរបស់ជប៉ុន​



តាម​សារព័ត៌​មាន​ Reuters បាន​ឲ្យ​ដឹង​ថា ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ (ទី៥ សីហា) បានប្រកាសផែនការវិនិយោគប្រមាណ ៧.៨ ទ្រីលានវ៉ុន (៦.៤៨ ពាន់លានដុល្លារ) ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D)លើវត្ថុធាតុដើមគ្រឿងបន្លាស់និងឧបករណ៍ក្នុងស្រុកក្នុងរយៈពេល ៧ ឆ្នាំខាងមុខក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការនាំចូលរបស់ជប៉ុន។

ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងបន្ទាប់ពីជប៉ុនបានទម្លាក់ខ្លួន (កូរ៉េខាងត្បូង) ចេញពីបញ្ជីស (White List) នៃបណ្តាប្រទេសដែលមានស្ថានភាពនាំចេញលឿន។ នៅក្នុងខែកក្កដានេះប្រទេសជប៉ុនបានរឹតត្បិតការគ្រប់គ្រងលើការនាំចេញវត្ថុធាតុដើម ប្រើសម្រាប់ផលិតបន្ទះឈីបដែលជាមុខទំនិញនាំចេញកំពូលរបស់កូរ៉េខាងត្បូង ហើយវាបានគំរាមរំខានដល់ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកសកលដែលត្រូវបានបញ្ជាទិញ និងប្រើប្រាស់ដោយក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យាដូចជា Apple និង Huawei ជាដើម។

កូរ៉េខាងត្បូងគ្រោងនឹងបង្កើន “ភាពគ្រប់គ្រាន់ដោយខ្លួនឯង” សម្រាប់សមាសធាតុសំខាន់ៗចំនួន ១០០ លើសំភារៈនិងឧបករណ៍ដែលត្រូវបានប្រើដើម្បីផលិតបន្ទះឈីប អាគុយរថយន្ត និងផលិតផលផ្សេងទៀតក្នុងគោលដៅធ្វើឲ្យស្ថិរភាពនៃការផ្គត់ផ្គង់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕

ដោយ៖ យ៉ាយ៉ា

 

 

 

X
5s