ឆមាស​ទី​១នេះ​កម្ពុជា​នាំចេញ​ផលិតផល​ក្នុង​ទំហំ​ប្រាក់​ជាង​៦ប៊ីលាន​ដុល្លារ​ទៅ​កាន់​ទីផ្សារ​ធំៗ​ ៤​



គិត​ត្រឹម​ឆមាស​ទី១​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​ធំៗ​នៃ​ប្រទេស​ចំនួន​៤​  ក្នុង​ទំហំ​សាច់ប្រាក់​សរុប​មាន​ប្រមាណ ៦,៨ប៊ីលាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ប្រទេស​ទាំង​នោះ​រួម​មាន ប្រទេស​ជប៉ុន​ ៧,៧%, ចក្រភពអង់គ្លេស ៦,៦%, សហរដ្ឋអាមេរិក ២៨% និង តំបន់​អឺរ៉ុប​មាន ២៦,៦%។ នេះ​បើ​តាម​របាយ​ការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​(NBC)។

បើ​ទោះ​បី​ជា​ការ​នាំចេញ​មាន​ជាង​៦ប៊ីលាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​ងាក​មក​មើល​ពី​ទំហំ​នៃ​ការ​នាំ​ចូល​ផលិតផល​ពី​បណ្ដា​ប្រទេស​ទាំង​នោះ​មក​កាន់​ទីផ្សារ​កម្ពុជា​វិញ​ គឺ​មាន​ទំហំ​ធំ​ជាង​ការ​ដែល​កម្ពុជា​នាំ​ចេញ។ ក្នុង​នោះ​បើ​គិត​ពី​ទំហំ​សាច់​ប្រាក់​នៃ​ការ​នាំ​ចូល​មាន​រហូត​ដល់ ១០,៤ប៊ីលាន​ដុល្លារ​អាមេរិក។ ដោយ​ក្នុង​នោះ​កម្ពុជា​នាំ​ចូល​ពី ប្រទេស​ចិន​ ​៤៦%, ថៃ ១៥,៦%, វៀតណាម​ ​១៣,២% និង​ប្រទេស​ជប៉ុន​មាន​ចំនួន ៤,៥%​។ 

តាម​ប្រភព​ខាង​លើ​បាន​បង្ហាញ​​​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​សម្រេច​បាន​ ៧,១% នៅ​ឆ្នាំ​២០១៩ តាម​ការ​រំពឹង​ទុក​ ដោយ​សារ​តែ​វឌ្ឍនៈ​ភាព​ល្អ​នៃ​កំណើន​ការ​នាំចេញ​វិស័យ​សំណង់, វិស័យ​អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍ ខណៈ​ដែល​វិស័យ​កសិកម្ម​មាន​កំណើន​ទាប​នៅ​ឡើយ ប៉ុន្តែ​កំពុង​តែ​បន្ត​ការ​កើន​ឡើង​បន្តិច​ម្ដងៗ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s