មន្ត្រីជាន់ខ្ពស់ CDC ស្នើឲ្យមានការវិនិយោគបន្ថែមពីវិស័យឯកជននៅប៉ោយប៉ែត​



ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឲ្យមានការវិនិយោគបន្ថែមពីវិស័យឯកជននៅតាមតំបន់ច្រកអន្តរជាតិប៉ោយប៉ែត ខណៈអជ្ញាធរខេត្ត នឹងរៀបចំយន្តការពិសេសសម្រាប់ទាក់ទាញការវិនិយោគរបរទេសឲ្យកាន់តែប្រសើរ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមមកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជា ។

ក្នុងជំនួបប្រជុំអន្តរក្រសួង ស្ថាប័ន នាព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ ឯកឧត្តមបន្តថា គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សានិងស្វែងយល់បន្ថែមលើស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន តាមរយៈការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យនេះ បានផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន (១) ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន (២) ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ (៣) ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគទាំងនោះ និង (៤) ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការងារនេះ៕

ដោយ៖ ស្រីពេជ្រ

X
5s