ADBព្យាករណ៍ថាឆ្នាំ២០១៩នេះ GDPកម្ពុជានឹងមានកំណើនខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាន
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានបង្ហាញទិន្នន័យអំពីការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៩នេះថា អាចនឹងមានកំណើនក្នុងរង្វង់៧%ដែលជាតួលេខមួយឈរនៅលំដាប់ខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួន៩ផ្សេងទៀត ខណៈដែលប្រទេសវៀតណាមស្ថិតនៅលេខរៀងបន្ទាប់។
តាមរបាយការណ៍ខាងលើបានបង្ហាញថា GDPសម្រាប់ប្រជាជនកម្ពុជាម្នាក់ក្នុងឆ្នាំ២០១៩នេះ និងរំពឹងថាអាចមានកំណើន ៤.៤% ខណៈដែលចំនួនអតិផរណាមានចំនួន ២.៥%។ ជាមួយគ្នានេះរបាយការណ៍ក៏បានព្យាករណ៍ផងដែរ អំពីកំណើនសេដ្ឋកិច្ចកម្ពុជា(GDP)ក្នុងឆ្នាំ២០២០ខាងមុខនេះថាអាចនឹងមានកំណើនក្នុងរង្វង់ ៦.៨% ក្នុងឆ្នាំ២០២០ ជាមួយនឹងGDPសម្រាប់មនុស្សម្នាក់ស្ថិតក្នុងរង្វង់៤.២% និងចំនួនអតិផរណា២.៥%។
តាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩នេះរំពឹងថានឹងអាចកើនឡើងក្នុងកម្រិត ៧.១% ដែលគាំទ្រដោយកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម និងសេវាកម្ម ទោះបីជាវិស័យកសិកម្មនៅមានកំណើនទាបក្ដី។ ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបគម្រប់៦៨ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា កាលពីពេលកន្លងទៅ៕
ដោយ៖ ជួប ស្រីរ័ត្ន