កម្ពុជា-ថៃ សិក្សាពីលទ្ធភាពតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងកំពង់ផែព្រះសីហនុ និងផែសមុទ្រទឹកជ្រៅលឹមឆាបាង​



ភ្នំពេញ៖ កម្ពុជា-ថៃ សិក្សាអំពីសក្តានុពលលើការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធ រវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ លឹមឆាបាង ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងបង្កើន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ក្នុងជំនួបពិភាក្សាដើម្បីស្វែងយល់អំពីសក្តានុពល និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ រវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ លឹមឆាបាង នៃព្រះរាជាណាចក្រថៃ នាថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ជំនួបនេះធ្វើឡើងដើម្បីស្វែងយល់អំពីសក្តានុពល និងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងការតភ្ជាប់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម រវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ លឹមឆាបាង ដើម្បីសម្រួលដល់ការដឹកជញ្ជូន ក៏ដូចជាដើម្បីបង្កើនការវិនិយោគ និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផងដែរ ខណៈប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរទើបតែប្រកាសបង្កើនទំហំពាណិជ្ជកម្មអោយកើនដល់១៥ ពាន់លានដុល្លារ នៅឆ្នាំ២០២០ ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់នៃគម្រោងធ្វើឱ្យប្រសើរឡើង បណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់កម្ពុជាជាមួយថៃរួមមានដូចជា៖ គម្រោងផ្លូវធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពី ២គន្លងទៅ ៤គន្លង ផ្លូវជាតិលេខ៤៨ ពីផ្លូវបំបែកស្រែអំបិល ទៅខេត្តកោះកុង គម្រោងស្ពាន ស្ទឹងបត់និងផ្លូវតភ្ជាប់ និងគម្រោងសាងសង់ផ្លូវពីខេត្តបាត់ដំបងទៅខេត្តកោះកុងដើម្បីកាត់បន្ថយពេល វេលានៃការដឹកជញ្ជូនពីខេត្តប៉ៃលិនទៅកាន់កំពង់ផែទឹកជ្រៅ។ 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យមានកិច្ចពិភាក្សាបន្ថែមលើទំនាក់ទំនង  និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៀតពីនីតិវិធីរវាងប្រទេសទាំងពីរ និងឱកាសវិនិយោគប្រកបដោយសក្តានុពល។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងថៃ បានកើនឡើងដល់ជាង ៧ ពាន់លានដុល្លារ នៅត្រឹមបំណាច់ខែតុលា ឆ្នាំ២០១៨ ខណៈដែលប្រមុខរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្មឲ្យដល់ ១៥ ពាន់លានដុល្លារ នៅឆ្នាំ២០២០៕

ដោយ៖ ស្រីពេជ្រ

X
5s