គម្រោង​សណ្ឋាគារ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ជាង​១០០​លាន​ដុល្លារ​នឹង​លេចឡើងក្នុង​ខណ្ឌ​ទួលគោក​



តាម​រយៈ​សំណើ​សុំ​វិនិយោគ​លើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៣ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពី​សំណាក់​ក្រុមហ៊ុន ROYAL FIELD DEVELOPMENT COMPANY CO.,LTD ក្នុង​ទំហំ​ទុន​វិនិយោគ​ចំនួន​ ១៣៤លាន​ដុល្លារ​អាមេរិក គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ខាង​លើ។

ក្រុមហ៊ុន​ខាង​លើ​មាន​គម្រោង​សាងសង់​និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​លំដាប់​ថ្នាក់​ផ្កាយ​៣ ចំនួន​៣០០​បន្ទប់ ព្រម​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផង​ដែរ ដែល​គម្រោង​សាងសង់​នេះ​នឹង​ស្ថិត​នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ  មហាវិថី​សហព័ន្ធរុស្សី ភូមិ១០ សង្កាត់​ផ្សារដេប៉ូទី៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ហើយ​តាម​រយៈ​គម្រោង​នេះ​នឹង​រំពឹង​ថា​អាច​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​បាន​ចំនួន ៧២៩​កន្លែង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទួលគោក​បាន​ក្លាយ​ជា​តំបន់​ទាក់ទាញ​នឹង​លេច​ធ្លោ​មួយ​សម្រាប់​វិនិយោគិន​ទាំង​ក្នុង​នឹង​ក្រៅ​ស្រុក ជាក់​ស្ដែង​គេ​សង្កេត​ឃើញ​ថា​តំបន់​នេះ​បច្ចុប្បន្ន​កំពុង​តែ​មាន​កំណើន​នៃ​សំណង់​អាគារ​ប្រណីត​ ទំនើបៗ និង​ខ្ពស់​ស្កឹមស្កៃ​ជា​ច្រើន ដែល​នាំ​ឲ្យ​គេ​ជឿ​ថា​ទួលគោក​គឺ​ជា​តំបន់​គោលដៅ​សម្រាប់​ការ​វិនិយោគ​ បន្ទាប់​ពី​តំបន់​បឹង​កេងកង៕ 

រូបភាព៖ Property area asia

ដោយ៖ ជួប ស្រីរ័ត្ន

X
5s