CDC អនុម័តគម្រោងវិនិយោគ៣បន្ថែមក្នុងទំហំទុនជិត២០០លានដុល្លារ
គម្រោងវិនិយោគថ្មីចំនួន៣បន្ថែមទៀតហើយដែលត្រូវបាន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគម្រោង បង្កើតរោងចក្រកែច្នៃម្ហូបអាហារ, រោងចក្រផលិតសម្ភារៈតុបតែងពិដាន និងគម្រោង អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងទំហំទុនវិនិយោគសរុបចំនួន ១៦៨លានលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៥៦ កន្លែង។
ក្រុមហ៊ុន “E.G.N EASY CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។
ក្រុមហ៊ុន “CAMBODIAN DECORATIVE BUILDING MATERIAL CHAKREY TING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងពិដាន,ជញ្ជាំង...។ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣០,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៧កន្លែង។
ក្រុមហ៊ុន “ ROYAL FIELD DEVELOPMENT COMPANY CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៣០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៩កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន