អ្នកឧកញ៉ាគិតម៉េង៖ កម្ពុជា-ស្រីលង្ការ នឹងចុះMoU បង្កើតក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មរួមគ្នា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មកូឡុំបូ នឹងចុះអនុស្សារណៈយោគយល់ស្ដីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ស្រីលង្ការ ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈឆមាសទី១នេះ ទំហំពាណិជ្ជកម្មនៃភាគីទាំងពីរសម្រេចបាន ១.១៩លានដុល្លារអាមេរិក។
នៅក្នុង“វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា” ដែលត្រូវបានរៀបចំឡើង នៅសណ្ឋាគារសូវីតែល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងនាមជាតំណាងអោយវិស័យឯកជននៅប្រទេសកម្ពុជា អ្នកឧកញ៉ា ក៏បានលើកឡើងអំពីសក្កានុពល និងគុណសម្បត្តិនៃប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្តធុរជនស្រីលង្កា ឱ្យមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាគឺជាប្រទេសមានអំណោយផលបំផុតសម្រាប់ការវិនិយោគ ហើយឥឡូវនេះគឺជាពេលវេលា ពេលវេលាដ៏សក្ដិសមបំផុតសម្រាប់ការធ្វើការវិនិយោគ។
លើសពីនេះ អ្នកឧកញ៉ា ក៏បានគោរពស្នើសុំឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃប្រទេសស្រីលង្កា ធ្វើការជំរុញឱ្យមានជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងក្នុងវិស័យជាច្រើន ដូចជា ទេសចរណ៍ សំណង់ កាត់ដេរសម្លៀកបំពាក់ ពាណិជ្ជកម្ម វិនិយោគ និង វិស័យផ្សេងៗទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាសាន់ថា សេនាណាយ៉ាកា (Vasantha Senanayak) រដ្ឋលេខាធិការ ក្រសួងការបរទេសស្រីលង្កា បានសម្តែងសុទិដ្ឋិនិយមខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-ស្រីលង្ការ ថាជាសញ្ញាវិជ្ជមាននៃការតភ្ជាប់កម្រិតតំបន់ប្រកបដោយសក្តានុពល រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។
ឯកឧត្តមបានស្នើសភាពាណិជ្ជកម្មប្រទេសទាំងពីរ ប្រើប្រាស់វេទិកាថ្ងៃនេះ ឱ្យអស់លទ្ធភាព ដើម្បីកំណត់អំពីវិស័យសក្តានុពលនានា និងឱកាសពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចជាក់ស្តែង។ «ដើម្បីទាក់ទាញធុរកិច្ច និងការវិនិយោគបន្ថែម វាពិតជាមានសារៈសំខាន់ ដែលយើងចាំបាច់ត្រូវមានយន្តការអនុវត្តន៍នៅនឹងកន្លែង។ ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ថា យើងពិតជាអាចចរចា និងបញ្ចប់កិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតគ្នា និងការគាំពារផ្នែកវិនិយោគ ដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
គួរបញ្ជាក់ថា សម្រាប់វិស័យពាណិជ្ជកម្ម កាលពីឆ្នាំ២០១៨ ការដោះដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ៣,៨៩លានដុល្លារអាមេរិក នៅក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ស្រីលង្កា មានទឹកប្រាក់ ១,១៣លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ ២,៧៥លានដុល្លារអាមេរិក។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន ១,១៩លានដុល្លារអាមេរិក៕
ដោយ៖ ស្រីពេជ្រ