ក្រុមហ៊ុនចិនមួយកំពុងចាប់អារម្មណ៍វិនិយោគលើប្រព័ន្ធលូក្នុងក្រុងព្រះសីហនុ
នាជំនួបពិភាក្សាការងារជាមួយឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាននៅក្នុងក្រុងដែលកំពុងមានការអភិវឌ្ឍន៍នេះ។
លោកអគ្គនាយករូបនេះបន្តថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្ដើមសិក្សាគម្រោងប្រព័ន្ធលូទាំងពីរប្រភេទនេះតាំងពីឆ្នាំ២០១៣មក គ្រាន់តែមិនទាន់បានរៀបចំលម្អិតនិងស៊ីជម្រៅ។ លោកថា ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតក្រុមហ៊ុនរបស់លោកនឹងចាប់ផ្ដើមសិក្សាប្លង់លម្អិត និងដាក់ជូនរដ្ឋាភិបាលដើម្បីពិនិត្យមើល។
ជាការឆ្លើយតប ឯកឧត្ដម គួច ចំរើន ស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើមានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយះពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ អនុម័ត ។
ឯកឧត្ដមអភិបាលខេត្ត ស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្ដែង ដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍នាទិសនិរតី ៕
ប្រភព៖ រដ្ឋាបាលក្រុងព្រះសីហនុ
ដោយ៖ ជួប ស្រីរ័ត្ន