មហាសេដ្ឋី Warren Buffett ប្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សា កុំភ្លេចវិនិយោគលើចំណុច៥យ៉ាងនេះ
នៅពេលនិយាយពីយុទ្ធសាស្ត្រជំនួញ និងភាពជោគជ័យក្នុងជីវិត អ្នកមិនចាំបាច់លើកឡើងតែឈ្មោះមហាសេដ្ឋី Warren Buffett នោះទេ។ ក៏ប៉ុន្តែបើនិយាយពីមេរៀនវិនិយោគវិញសម្រាប់មនុស្សទូទៅ ជាពិសេសយុវជន គេមិនត្រូវមើលរំលងភាពជាគំរូមួយដ៏ល្អរបស់មហាសេដ្ឋីរូបនេះឡើយ។ មហាសេដ្ឋីមានជាងគេបំផុតទី ៤ក្នុងលោករូបនេះ បានលើកឡើងពីការវិនិយោគចំនួន ៥ ដែលយុវជននិស្សិតដែលបញ្ចប់ការសិក្សាត្រូវយកចិត្តទុកដាក់។ ការវិនិយោគទាំង ៥ នោះរួមមាន៖
១.វិនិយោគលើខ្លួនឯង
«ការវិនិយោគលើខ្លួនឯង មានន័យថា គឺការវិនិយោគលើចំណុចខ្សោយរបស់យើង និងរៀនជំនាញថ្មីៗ។ បើអ្នកមានអារម្មណ៍ថា ខ្លួនឯងខ្សោយត្រង់ណា ខំអភិវឌ្ឍចំណុចហ្នឹង និងធ្វើវាទៅ!»។ នេះជាការលើកឡើងរបស់មហាសេដ្ឋី Buffett។
ការចាប់ផ្តើមធ្វើនៅទីនេះវាមិនចាំបាច់ត្រូវចំណាយលុយនោះឡើយ។ អ្នកអាចអនុវត្តនៅផ្ទះ ជជែកពិភាក្សាជាមួយមនុស្សពូកែៗដែលអ្នកស្គាល់ មិត្តភក្ដិ និងធ្វើការស្រាវជ្រាវជាដើម។ នេះទាមទារឲ្យអ្នកចេះវិភាគ វាយតម្លៃ និងមានភាពស្មោះត្រង់ចំពោះខ្លួនឯង។ អ្នកត្រូវឈានប្រឈមមុខទៅនឹងចំណុចអវិជ្ជមានរបស់អ្នកហើយបន្ទាប់មកជ្រើសរើសផ្លូវសមស្របមួយសម្រាប់ការស្វែងរកអ្វីថ្មីៗ។
២.អានឲ្យបានច្រើនតាមអ្វីដែលអ្នកអាចធ្វើបាន
លោក Buffett ចូលចិត្តអានសៀវភៅណាស់។ ទោះបីលោកមានវ័យដល់ទៅ ៨៨ ឆ្នាំក៏ដោយ ហើយមានពេលវេលាតិចតួចដែលនៅសេសសល់ក្នុងជីវិតចុងក្រោយរបស់លោក នៅក្នុងមួយថ្ងៃមហាសេដ្ឋីរូបនេះអានសៀវភៅរហូតដល់ ទៅ ៥០០ ទំព័រឯណោះ។ ប៉ុន្តែលោកបញ្ជាក់ថា ការអាន មិនមែនចេះតែអាននោះឡើយ ពោលគឺត្រូវយកមកវិភាគវែកញែកផងដែរទើបចំណេះដឹងកាន់តែខ្លាំង។
ដើម្បីទទួលបានចំណេះដឹងពីការអានមួយនេះ អ្នកមិនចាំបាច់អង្គុយសម្ងំនៅបណ្ណាល័យសៀវភៅនោះទេ។ អ្នកអាចអានឯកសារជាច្រើននៅតាមអ៊ីនធឺណិត និងប្រភពផ្សេងៗទៀត។ ការអាននឹងធ្វើឲ្យអ្នកទទួលបានគំនិតថ្មីៗ និងចេះឲ្យតម្លៃដល់ទស្សនៈផ្សេងគ្នារបស់អ្នកដទៃផងដែរ។
៣.កិត្តិយសគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត អ្នកត្រូវតែការពារវាឲ្យបានគ្រប់ពេល
ពេលខ្លះមនុស្សមួយចំនួនបានលះបង់កិត្តិយស ឬភាពថ្លៃថ្នូររបស់ខ្លួនដើម្បីប្រយោជន៍មួយក្នុងរយៈពេលខ្លីដោយមិនគិតពីលទ្ធផលវែងឆ្ងាយនៅពេលខាងមុខ។ ផ្ទុយទៅវិញ អ្នកត្រូវមានអាកប្បកិរិយាល្អខ្ជាប់ខ្ជួន ចេះគ្រប់គ្រងនិងកែកំហុសរបស់អ្នក និងត្រូវផ្ដោតលើការថែរក្សា ឬកសាងទំនាក់ទំនងឲ្យកាន់តែច្រើនឡើងជាមួយមនុស្សល្អៗដែលពូកែជាងអ្នក។
នៅត្រង់ចំណុចនេះ មហាសេដ្ឋីអាមេរិកខាងលើបានផ្តល់ដំបូន្មានដូច្នេះថា៖« អ្នកត្រូវចំណាយពេលដល់ទៅ ២០ ឆ្នាំដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់អ្នក ប៉ុន្តែវារលាយទៅវិញត្រឹមតែ ៥នាទីប៉ុណ្ណោះ។ បើអ្នកគិតអញ្ចឹង អ្នកនឹងធ្វើអ្វីៗដែលខុសប្លែកពីគេ។ អ្នកត្រូវស្គាល់មនុស្សដែលពូកែជាអ្នក មនុស្សដែលមានទម្លាប់ល្អៗ និងស្រលាញ់កិត្តិយស»។
៤.ភាពអត់ធ្មត់ គឺជាកូនសោដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន
ការសិក្សាស្រាវជ្រាវបានរកឃើញថា យុវជនក្មេងៗមានភាពអន្ទះសា ណាស់។ បើចង់បានអ្វី គឺចង់បានភ្លាមៗ ដូចជា ចង់ក្លាយជាអ្នកមានក្នុងមួយប៉ប្រិចភ្នែក ចង់ឡើងតំណែងធំ ឬចង់បានប្រាក់ខែច្រើនត្រឹមរយៈពេលខ្លីជាដើម។ នេះជាចំណុចអវិជ្ជមានមួយរបស់យុវជន។
«មិនថាអ្នកឆ្លាត ពូកែ ឬមានសមត្ថភាពប៉ុណ្ណា ពេលខ្លះបើចង់បានអ្វីមួយត្រូវការពេលយូរបន្តិច ហើយជាពិសេសនោះត្រូវព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ចេះអត់ធ្មត់ និងមានការប្ដេជ្ញាចិត្តខ្ពស់បំផុត»។ នេះជាដំបូន្មានរបស់លោក Buffett។
៥.ឥរិយាបថរបស់អ្នកមានឥទ្ធិពលលើបទពិសោធន៍របស់អ្នក
តាមពិតទៅការងារ ឬមុខវិជ្ជាជំនាញមួយចំនួនដែលអ្នកសិក្សា អាចមានភាពល្បីល្បាញនាំមកនូវភាពគួរឲ្យធុញទ្រាន់។ ប៉ុន្តែលោក Buffett យល់ឃើញថា បើវាគួរឲ្យធុញទ្រាន់សម្រាប់អ្នក ឬវាមិនគួរឲ្យចាប់អារម្មណ៍ នេះក៏ដោយសារតែអ្នកមើលឃើញវាថា វាមិនត្រឹមត្រូវ។
«បើអ្នកចាប់អារម្មណ៍រឿងអាជីវកម្ម ឬប្រហែលចូលចិត្តមុខជំនាញធ្វើជំនួញ ការរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងអាជីវកម្ម (MBA) គឺមានប្រយោជន៍។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺថា បើអ្នកមើលឃើញមុខវិជ្ជាមួយនេះដូចជាមុខវិជ្ជា ផ្សេងវិញដូចជា មុខវិជ្ជាគណនេយ្យ នោះអ្នកនឹងអាចបាត់បង់ឱកាសធំ។ ឥរិយាបថរបស់អ្នកបែបណា វានឹងជះឥទ្ធិពលលើលទ្ធផលនៃបទពិសោធន៍របស់អ្នក»។ លោក Buffett បញ្ជាក់៕
ប្រភព៖ INC