រដ្ឋាភិបាលគាំទ្រគម្រោងជីកយកប្រេង ឧស្ម័នលើផ្ទៃដីជាង៧ពាន់គីឡូម៉ែត្ររបស់ក្រុមហ៊ុនមួយ
បន្ទាប់ពីការស្នើសុំអនុញ្ញាតលើគម្រោងអភិវឌ្ឍន៍ប្លុកប្រេងទី៨ លើដំណើរការស្វែងរកប្រេងនិងឧស្ម័ន របស់ក្រុមហ៊ុនAngkor Gold Corp រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនខាងលើ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន EnerCam Resources Co. Ltd. (“EnerCam”) អនុវត្តលើគម្រោងលើទំហំដីសម្បទាន ៧៣០០គីឡូម៉ែត្រក្រឡា។ នេះបើតាមការផ្សាយរបស់ក្រុមហ៊ុន Angkor Gold Corp កាលពីពេលថ្មីៗកន្លងទៅ។
លោក Stephen Burega នាយកប្រតិបត្តិនៃក្រុមហ៊ុន Angkor Gold Corp លើកឡើងថា Angkor គឺជាក្រុមហ៊ុនរុករកប្រេងដំបូងគេបង្អស់របស់កាណាដា ដែលត្រូវបានទទួលការយល់ព្រមលើគម្រោងស្វែងរកប្រេង និងឧស្ម័ននៅកម្ពុជា។ ជាមួយគ្នានេះលោក Mike Weeks ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Angkor មានប្រសាសន៍ថា យើងពិតជារីករាយចំពោះទីតាំងដ៏ល្អសម្រាប់វិស័យទាញយកប្រេង និងឧស្ម័ននៃអាស៊ីអាគ្នេយ៍ ហើយក្រុមហ៊ុនកំពុងរង់ចាំការចរចាលើកិច្ចព្រមព្រៀងចែករំលែកផលិតផល និងពិនិត្យឡើងវិញលើកម្រិតរញ្ជួយដី។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានមានប្រសាសន៍ថា “យើងពិតជារីករាយដែលបានសហការជាមួយក្រុមហ៊ុនអង្គរ ក្នុងការអភិវឌ្ឍសក្ដានុពលប្រេង និងឧស្ម័នរបស់កម្ពុជា”៕
រូបភាព៖ PVN
ដោយ៖ ជួប ស្រីរ័ត្ន