មីយ៉ាន់ម៉ាបើកចំហរការជួញដូរមូលបត្រសម្រាប់ជនបរទេស
មីយ៉ាន់ម៉ាអនុញ្ញាតឲ្យវិនិយោគិនបរទេសទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គលធ្វើការវិនិយោគ ជួញដូរមូលបត្រនៅផ្សារភាគហ៊ុនយ៉ាងហ្គូន (Yangon Stock Exchange) ដើម្បីសំឡឹងមើលឱកាសថ្មីនៃការរីកលូតលាស់នៃវិស័យមូលបត្រនេះ។
តាមសេចក្តីប្រកាសជូនដំណឹងរបស់គណៈកម្មការមូលបត្រមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រសប្តាហ៍មុន (០៩ សីហា) វិនិយោគិនបរទេសនឹងត្រូវបានអនុញ្ញាតឱ្យកាន់កាប់ភាគហ៊ុនសរុបរហូតដល់ ៣៥% ក្នុងក្រុមហ៊ុនជួញដូរនៅយ៉ាងហ្គូន។ មិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើមច្បាស់លាស់ទេ ប៉ុន្តែអ្នកឃ្លាំមើលទីផ្សាររំពឹងថាការសកម្មភាពជួញដូររបស់ជនបរទេសលើវិស័យមូលបត្រនឹងត្រូវបើកនៅចុងឆ្នាំនេះ។ វាអាចនឹងត្រូវចំណាយពេលពីរទៅបីខែបន្ថែមទៀត ក្នុងការរៀបចំកែលម្អលើបទបញ្ញត្តិលម្អិត និងរៀបចំប្រព័ន្ធថ្មីមួយចំនួននៃដំណើរការរបស់ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រ។ តាមការឲ្យដឹងពីអ្នកវិនិយោគមីយ៉ាន់ម៉ាមួយរូបថា បើការចាប់ផ្តើមលោតចូលក្នុងការវិនិយោគរបស់ជនបរទេសលើទីផ្សារបានល្អ នោះតម្លៃភាគហ៊ុននឹងមានការកើនឡើង។
Daiwa Securities Group ជាក្រុមហ៊ុនមូលបត្ររបស់ជប៉ុនដែលបង្កើត venture capital fund ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយ Daiwa នឹងជួយដល់ Startup ក្នុងការចាប់ផ្តើមសកម្មភាពក្នុងទីផ្សារភាគហ៊ុនយ៉ាងហ្គូន តាមរយៈក្រុមហ៊ុនអន្តរការីដែលបង្កើតឡើងដោយធនាគារក្នុងស្រុកមួយ។
គួរបញ្ជាក់ថា ផ្សារភាគហ៊ុនយ៉ាងហ្គូន (Yangon Stock Exchange) បានចាប់កំណើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៥ តាមរយៈការវិនិយោគរួមគ្នាពីធនាគារសេដ្ឋកិច្ចមីយ៉ាន់ម៉ា Daiwa Research Institute និង Japan Exchange Group។ មកទល់ពេលនេះមានក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជី ទំហំជួញដួរមធ្យមប្រចាំថ្ងៃមានចំនួន ៤៦ លានខ្យ៉ាតលុយម៉ីយ៉ាន់ម៉ា ស្មើប្រមាណ ៣០,០០០ ដុល្លារ កើនលើសឆ្នាំមុន៕
ដោយ៖ យ៉ាយ៉ា