ខេត្តទាំង៥នេះនឹងក្លាយជាតំបន់សក្ដានុពលទេសចរណ៍ភាគខាងត្បូង
ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តភាគខាងត្បូងដែលរួមមាន ខេត្តកោះកុង, កំពត, កែប, ព្រះស៊ីហនុ និងខេត្តតាកែវ និងក្លាយទៅជាគោលដៅតំបន់សក្ដានុពលទេសចរណ៍ភាគខាងត្បូង។ នេះបើយោងតាមក្រសួងទេសចរណ៍។
នៅក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិករទេសចរណ៍ភាគខាងត្បូងដែលរួមមាន កម្ពុជា-មីយាន់ម៉ា-ថៃ-វៀតណាម នៅខេត្តកាន់ធឺ ប្រទេសវៀតណាម កាលពីពេលកន្លងទៅ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍ លើកឡើងថា ការប្រែក្លាយតំបន់សក្ដានុពលទេសចរណ៍ភាគខាងត្បូងនៃ ៤ប្រទេសខាងលើ គឺជាកត្តាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការជំរុញកិច្ចអភិវឌ្ឍក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច-សង្គម ទាំងមូល តាមរយៈវិស័យទេសចរណ៍។
តាមរយៈការប្រែក្លាយនេះនឹងបង្កើតឡើងនូវផលិតផលទេសចរណ៍ថ្មី ហើយផ្ដល់ឱកាសឲ្យទេសចរ និងអ្នកវិនិយោគមានសិទ្ធិចូល-ចេញច្រើនដង ការទស្សនា ការស្នាក់នៅ និងការចូលរួមការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ អង្គប្រជុំបានពិភាក្សាលើចំណុចមួយចំនួន ដូចខាងក្រោម៖
១. ការអភិវឌ្ឍផលិតផល និងវិនិយោគលើវិស័យទេសចរណ៍
២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា
៣. ការអភិវឌ្ឍន៍ធនធានមនុស្ស
៤. ការសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ
៥. ការតភ្ជាប់នាវាទេសចរណ៍តំបន់សមុទ្រ និងទន្លេមេគង្គ
៦. ការជម្រុញឲ្យប្រទេសមីយ៉ាន់ម៉ា តភ្ជាប់នាវាទេសចរណ៍សមុទ្រក្នុងតំបន់ភាគខាងត្បូង
៧. ការតភា្ជប់ទេសចរណ៍បេតិកភណ្ឌភាគខាងត្បូង
៨. ការជំរុញរៀបចំខ្សែទស្សនកិច្ចបែប Caravan Tour និងទេសចរបើកបរដោយខ្លួនឯង Self-Driving Tour
៩. ការតភ្ជាប់ការហោះហើរត្រង់នៅតំបន់ភាគខាងត្បូង៕
ដោយ៖ ជួប ស្រីរ័ត្ន