ក្រសួងត្រៀមថវិកាជាង១០០លានដុល្លារពង្រីកនិងស្ដារផ្លូវជាតិលេខ៤នាដើមឆ្នាំ២០២០
តាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានលើកឡើងថា ក្រសួងនិងត្រៀមថវិកាប្រមាណ ១១០លានដុល្លារអាមេរិក ដែលជាកម្ចីពីធនាគារពិភពលោក សម្រាប់ការពង្រីកនិងស្ថាបនាផ្លូវជាតិលេខ៤។ ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធី បើកការដ្ឋានជួសជុលផ្លូវខេត្តចំនួនពីរខ្សែ គឺផ្លូវលេខ១៤៦ និងផ្លូវលេខ ១៤៨ នាខេត្តព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅ។
ឯកឧត្ដម រដ្ឋមន្ត្រី មានប្រសាសន៍ថា សព្វថ្ងៃផ្លូវជាតិលេខ៤មានថ្នល់កៅស៊ូត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ដោយមាននៅសល់ដីក្រហមសងខាង។ ដូច្នេះដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រសួងនឹងធ្វើការពង្រីក ព្រមទាំងស្ដារផ្លូវនេះឡើងវិញ។ គម្រោងនេះត្រូវបានសិក្សាចប់សព្វគ្រប់អស់ហើយ និងគ្រោងដាក់ឲ្យដេញថ្លៃនៅ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រមទាំងសម្រេចបើកការដ្ឋានស្ដារផ្លូវនាដើមឆ្នាំ២០២០ខាងមុខ។
ជាមួយគ្នានេះឯកឧត្ដមក៏បានលើកផងដែរថា ផ្លូវល្បឿនលឿន១៩០គីឡូម៉ែត្រពីភ្នំពេញទៅក្រុងព្រះសីហនុដែលកំពុងតែដំណើរការសាងសង់ និងចំណាយថវិកាចំនួន២ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គ្រោងនឹងបញ្ចប់ដំណើរការសាងសង់នាខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ៕
ដោយ៖ ជួប ស្រីរ័ត្ន