ទឹកទន្លេមេគង្គនឹងបន្តកើនឡើង សូមប្រជាកសិករដាំដុះនៅជាប់ដងទន្លេរួសរាន់ប្រមូលផល
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនឹងឧតុនិយមបានចេញផ្សាយ និងអំពាវនាវដល់ប្រជាកសិករដែលប្រកបរបរកសិកម្មនៅតាមដងទន្លេមេគង្គ ឲ្យរួសរាន់ក្នុងការប្រមូលផល និងបង្កើនការប្រុងប្រយ័ត្ន ព្រោះចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះទៅ ភ្លៀងនឹងបន្តធ្លាក់ជាប់គ្នាពីកម្រិតមធ្យមទៅខ្ពស់ដែលបង្កឲ្យទឹកទន្លេកើនឡើង។
ក្នុងខ្លឹមសារនៃសេចក្ដីប្រកាសបានបង្ហាញថា កម្ពុជានឹងទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប(ITCZ) ដែលកំពុងតែអូសកាត់អាងទន្លេមេគង្គពីប្រទេសវៀតណាម ដល់ប្រទេសមីយ៉ាន់ម៉ា។ ប្រព័ន្ធនេះនឹងមានឥទ្ធិពលលើប្រទេសឡាវ ថៃ រួមនិងកម្ពុជា ពិសេសតំបន់ខ្ពង់រាបភាគឦសាន តំបន់រង់ទឹកភ្លៀងនៃទន្លេសេកុង សេសាន និងទន្លេស្រែពក ដោយបង្កឲ្យមានភ្លៀងធ្លាក់ជាប់គ្នាក្នុងកម្រិតពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី ២១ សីហា នេះទៅ៕
រូបភាព៖ http://km.rfi.fr
ដោយ៖ ជួប ស្រីរ័ត្ន