ក្រសួងកំពុងសិក្សាលើលទ្ធភាពច្នៃសំរាមជាថាមពលអគ្គិសនី ខណៈសំរាមនៅភ្នំពេញកំពុងបន្តកើនឡើង
តាមការព្យាករណ៍បង្ហាញថា សំរាមនៅទីក្រុងភ្នំពេញនឹងបន្តកើនឡើងនាឆ្នាំក្រោយ ខណៈដែលក្នុងមួយថ្ងៃសំរាមជាមធ្យមមានចំនួន ២,៨០០តោន និងកើនឡើងក្នុងមួយឆ្នាំពីរង្វង់ ១០% ទៅ១៣% ដែលកំណើននេះបានបង្កឲ្យមានការព្រួយបារម្ភខ្លាំង។ ទន្ទឹមនោះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ ក៏បានរៀបចំនូវកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពី “លទ្ធភាពក្នុងការកែច្នៃសំរាមសម្រាប់ផលិតអគ្គិសនី” កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង។
នៅក្នុងកិច្ចប្រជុំ ដែលមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ បានពិភាក្សាស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយផ្អែកលើរបាយការណ៍សិក្សាបឋមរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោម៖
១. រៀបចំកសាងក្របខណ្ឌច្បាប់ គោលនយោបាយ និងអនុវត្តបទដ្ឋានគតិយុត្តស្ដីពីការគ្រប់គ្រងកាកសំណល់រឹង និងសំរាម ។
២. រៀបចំយន្តការអន្តរស្ថាប័ន រួមគ្នាអនុវត្តវិធានការជាខ្សែច្រវាក់ ចាប់ពីអ្នកប្រើប្រាស់ រហូតដល់អ្នកកែច្នៃ ចុងក្រោយចំពោះកាកសំណល់រឹងនិងសំរាម ។
៣. រៀបចំជាយុទ្ធនាការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងគ្រប់ទីកន្លែង ដើម្បីបង្កើនការយល់ដឹងអំពីការទុកដាក់សំរាម ការសម្អាតអនាម័យ បរិស្ថាន និងសុខមាលភាពជារួម ដែលកិច្ចការនេះទាមទារឲ្យមានការចូលរួមគាំទ្រឲ្យបានពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ និងភាគីពាក់ព័ន្ធទាំងអស់៕
ដោយ៖ ជួប ស្រីរ័ត្ន