ថៃប្រែពីប្រទេសដំឡើងរថយន្ត ទៅជាប្រទេសមានរោងចក្រផលិតរថយន្តយីហោល្បីៗនាំចេញទៅកាន់ពិភពលោក
ថៃជាប្រទេសមួយដែលមានសក្តានុពលវិនិយោគយ៉ាងខ្លាំងក្លាលើផលិតកម្មគ្រឿងយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ជាប្រទេសដែលមានការអភិវឌ្ឍលឿនក្នុងឧស្សាហកម្មផលិតយានយន្តផងដែរ។ ក្នុងអំឡុងពេលប្រមាណជាង ៥០ឆ្នាំ ថៃបានប្រែក្លាយពីប្រទេសតំឡើងគ្រឿងចក្រទៅជាប្រទេសនិងជាមជ្ឈមណ្ឌលផលិតគ្រឿងយន្តកំពូលៗរួមទាំងសម្រាប់ការនាំចេញទៀតផង។
ជាមួយនឹងការនាំចេញលោតឡើងទៅជាង ១០០ប្រទេស ថៃបានឡើងទៅកាន់តំណែងលេខ ១៣ នៃអ្នកនាំចេញធំជាងគេផ្នែកឧស្សាហកម្មគ្រឿងយន្ត និងលំដាប់លេខ ៦ ធំជាងគេនៃអ្នកផលិតរថយន្តដឹកទំនិញក្នុងពិភពលោក និងធំជាងគេប្រចាំតំបន់អាស៊ាន។ ក្នុងឆ្នាំ ២០២០ ថៃមានបំណងផលិតរថយន្ត ៣,៥០០,០០០ គ្រឿងដើម្បីក្លាយជាអ្នកនាំមុខគេក្នុងទីផ្សារផលិតគ្រឿងយន្តសកល។ វិស័យឧស្សាហកម្មផលិតគ្រឿងយន្តនេះបានរួមចំណែកប្រមាណ ១២% នៃកំណើនសេដ្ឋកិច្ចសរុប ដែលផ្តល់ការងារជូនមនុស្សជាង ៥០០,០០០នាក់។
មកស្គាល់ក្រុមហ៊ុនរថយន្តល្បីៗដែលមានក្នុងប្រទេសថៃ៖
១) BMW
ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ចាប់សាងសង់រោងចក្រក្នុងប្រទេសថៃនៅឆ្នាំ ២០០០ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ២.៦ ប៊ីលានបាតលើផ្ទៃដីទំហំ ៧៥,០០០ម៉ែត្រការ៉េ។ នៅឆ្នាំ ២០១៦ ក្រុមហ៊ុន BMW នៅរ៉ាក់យ៉ងផលិតរថយន្តបាន ៩,៤៤៩ គ្រឿង ហើយក៏ជាឆ្នាំដំបូងដែលការផលិតនៅថៃនាំចេញទៅប្រទេសចិន។
២) Ford
ក្រុមហ៊ុន Thai Motor Co នាំចូល Ford ក្នុងឆ្នាំ ១៩៤៧ ហើយចាប់ផ្តើមបង្កើតរោងចក្រតំឡើងក្នុងឆ្នាំ ១៩៧៦ មកដល់ឆ្នាំ ១៩៩៥ Ford និង Mazda បាន Join Venture ជាមួយគ្នានិងបានបង្កើតជារោងចក្រផលិតផ្តាច់មុខរថយន្ត Ford ក្នុងឆ្នាំ ២០១០ សម្រាប់ការចែកចាយក្នុងតំបន់អាស៊ី (លើកលែងប្រទេសចិន និងឥណ្ឌា)។
៣) Honda
Model Honda ដែលផលិតដំបូងបំផុតក្នុងប្រទេសថៃគឺ Honda City ផលិតក្នុងឆ្នាំ ១៩៩៦ តែរហូតមកដល់ឆ្នាំ ២០០២ ទើបមានការផលិត Model Honda City 2 សម្រាប់ការនាំចេញទៅប្រទេសជប៉ុន។ ក្នុងឆ្នាំ ២០១៥ លក់បាន ១១២,១៧៨ គ្រឿង កើនលើសការរំពឹងទុក ៥.៣%។
៤) Izusu
ចាប់ផ្តើមចូលប្រទេសថៃក្នុងឆ្នាំ ១៩៦៣ ជារោងចក្រតំឡើង មកដល់ឆ្នាំ ១៩៧៤ ក៏បង្កើតរោងចក្រផលិតរថយន្តដឹកទំនិញ និងផលិតរថយន្ត MU-7 SUV នៅឆ្នាំ ២០០៤។
៥) Mazda
យីហោនេះចូលទីផ្សារប្រទេសថៃឆ្នាំ ១៩៥០ ចាប់បង្កើតរោងចក្រផលិតនៅឆ្នាំ ១៩៧៥ និងសាងសង់រោងចក្រផលិតនៅឆ្នាំ ២០០០។
៦) Mercedes-Benz
ចាប់ចូលទីផ្សារប្រទេសថៃនៅឆ្នាំ ១៩៦០ បង្កើតរោងចក្រតំឡើងស្របពេលជាមួយគ្នាតែម្តង។
៧) Mitsubishi
ក្រុមហ៊ុននេះមានវត្តមានក្នុងប្រទេសថៃនៅឆ្នាំ ១៩៦១ ដែលមានស្នាក់ការកណ្តាលនៅ ផាថុមថានី ភាគខាងជើងប្រទេសថៃផលិតដំបូងជាប្រភេទរថយន្តដឹកទំនិញ និងនាំចេញទៅកាន់គោលដៅទីផ្សារជាង ១៤០ លើសកលលោក។ មកដល់ឆ្នាំ ២០១៨ ក្រុមហ៊ុនបានសម្រេចការផលិតជាង ៥ លានគ្រឿងរថយន្តដែលផលិតបាន។
៨) Nissan
ជាក្រុមហ៊ុនជប៉ុនដំបូងសាងសង់រោងចក្រក្នុងប្រទេសថៃ បច្ចុប្បន្នយីហោនេះជាអ្នកផ្គត់ផ្គង់រថយន្តដឹកទំនិញច្រើនជាងគេក្នុងទីផ្សារថៃ។
៩) Toyota
Toyota Motor Thailand Co. បង្កើតក្នុងឆ្នាំ ១៩៦២ មកដល់ឆ្នាំ ១៩៨៩ ចាប់ផ្តើមផលិតម៉ាស៊ីនក្នុងស្រុក។ នៅឆ្នាំ ២០០៥ ក្រុមហ៊ុន Toyota បានបង្កើតមូលដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍក្នុងប្រទេសថៃ។
ក្រុមហ៊ុនដូចជា Toyota, Isuzu, Honda, Mitsubishi, Nissan និង BMW រួមចំណែកក្នុងការផលិតរថយន្តប្រមាណ ២ លានគ្រឿងក្នុងប្រទេសជារៀងរាល់ឆ្នាំ។ អ្នកផ្គត់ផ្គង់និងគ្រឿងបន្លាស់ទាំងនេះភាគច្រើនមានទីតាំងនៅភាគកណ្តាលនៃទីក្រុងបាងកកអយុធ្យា Pathum Thani Samutprakarn Prachinburi Chachoengsao Chonburi និង Rayong ដែលផ្តល់នូវភាពងាយស្រួលក្នុងការចូលទៅក្នុងទីផ្សារឈានមុខគេនៃអាស៊ានចិនចិននិងឥណ្ឌា។
ឱកាសសម្រាប់វិនិយោគិនបរទេស
កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗ ដែលផ្តល់នូវការប្រកួតប្រជែងដល់ឧស្សាហកម្មរថយន្តរបស់ប្រទេសថៃគឺគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល។ រដ្ឋាភិបាលថៃផ្តល់ការគាំទ្រយ៉ាងច្រើនក្នុងទម្រង់ជាការលើកទឹកចិត្តលើពន្ធ និងការលើកលែងពន្ធដើម្បីលើកទឹកចិត្តដល់ការវិនិយោគបរទេសនៅក្នុងឧស្សាហកម្មនេះ អត្ថប្រយោជន៍ទូទៅមួយចំនួនដែលមានសម្រាប់វិនិយោគិនបរទេសរួមមានដូចខាងក្រោម៖
ក) ការលើកលែងពន្ធលើប្រាក់ចំណូលក្រុមហ៊ុន (CIT) រហូតដល់ ៨ ឆ្នាំ។
ខ) លើកលែងពន្ធលើការនាំចូលគ្រឿងម៉ាស៊ីន
គ) លើកលែងពន្ធលើវត្ថុធាតុដើមដែលប្រើក្នុងការផលិតផលិតផលនាំចេញ
ឃ) ការអនុញ្ញាតឱ្យនាំយកអ្នកជំនាញនិងអ្នកជំនាញមកធ្វើការក្នុងសកម្មភាពជំរុញការវិនិយោគ
ង) ការអនុញ្ញាតឱ្យកាន់កាប់ដីធ្លី
ច) អនុញ្ញាតិឲ្យដកឬដាក់ប្រាក់ជារូបិយប័ណ្ណបរទេស៕
ដោយ៖ យ៉ាយ៉ា