កសិករខ្មែរជាង៥០ម៉ឺនគ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការកំណត់ពន្ធរបស់EU
នេះគឺជាឆ្នាំទីមួយហើយសម្រាប់កម្ពុជា ដែលត្រូវបានសហគមន៍អឺរ៉ុបកំណត់យកពន្ធលើការនាំចូល ដែលការកំណត់ពន្ធនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាកសិករកម្ពុជាប្រមាណជាង ៥០០,០០០០ គ្រួសារដែលខិតខំប្រកបរបរដាំដុះ ស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូបគ្រាប់វែង ជាប្រភេទពូជស្រូវដែលមិនបានប្រកួតប្រជែងដោយផ្ទាល់ ជាមួយផលិតផលដាំដុះរបស់សហគមន៍អឺរ៉ុបឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា។
ចំពោះការនាំចេញអង្កររបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុប នាដើមឆមាសទី១ឆ្នាំ២០១៩នេះកម្ពុជាបាននាំចេញអង្ករជិត ៩៣០០០តោន។ ដែលចំនួននេះបានត្រឹមតែជាងពាក់កណ្ដាលប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង ឆមាសទី១នាដើមឆ្នាំ២០១៨។ ដោយហេតុនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានទទូចស្នើសំសហគមន៍អឺរ៉ុបឲ្យជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជាជាង កន្លះលានគ្រួសារ។
អង្ករកម្ពុជាត្រូវបានផលិតឡើងស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ហើយសហព័ន្ធស្រូវអង្ករកម្ពុជាជួយដល់អ្នកផលិតឲ្យអនុវត្តស្របតាមកម្មវិធីដែលរៀបចំឡើង ដោយជំរុញឲ្យគោលការណ៍ បង្កបង្កើនផលប្រកបដោយ សីលធម៌ ការទទួលខុសត្រូវ និងមានចីរភាព។ ជាគោលដៅសម្រាប់លើកកម្ពស់នូវប្រព័ន្ធមួយ ដែលមានសមធម៌ ហើយផ្ដល់ផលប្រយោជន៍ជាក់លាក់ដល់ប្រជាកសិករ៕
ដោយ៖ ជួប ស្រីរ័ត្ន