ជប៉ុននឹងជួយដំឡើងអំពូលLED ជាង៧ពាន់បង្គោលនៅភ្នំពេញនឹងខេត្តចំនួន២ក្នុងឆ្នាំនេះ
លោក Yoshihisa KAINUMA ប្រធានក្រុមហ៊ុន MinebeaMitsumi បានលើកឡើងថា ដើម្បីបម្រើឲ្យទម្រង់ទីក្រុងឆ្លាតវៃ(Smart City) ក្រុមហ៊ុនមានគម្រោងដំឡើងបង្គោលភ្លើងLED នៅរាជធានីភ្នំពេញ និងខេត្តសក្ដានុពលពីរទៀតគឺ ខេត្តសៀមរាប និងព្រះសីហនុ សរុបចំនួន ៧,៣៥៩បង្គោលនៅឆ្នាំនេះ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីពេលថ្មីៗកន្លងទៅ។
លោកប្រធានបានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដំឡើងបានចំនួន ១ ១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅខេត្តសៀមរាបក្រុមហ៊ុនបានចុះអនុស្សរណនៃការយោគយល់ជាមួយរដ្ឋបាលសាលាខេត្តសៀមរាបរួចហើយដើម្បីដំឡើង LED បន្ថែមចំនួន ៥០០ទៀត។ គម្រោងនេះក៏នឹងអាចបន្តអនុវត្តនៅខេត្តព្រះសីហនុផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍នូវវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនមីនេបៀលើគម្រោងទីក្រុងវៃឆ្លាតតាមរយៈការប្រើប្រាស់អំពូលភ្លើងដែលប្រើប្រាស់ចរន្តអគ្គិសនីតិចនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីជាមួយនឹងអំពូលដែលស៊ីភ្លើងតិចមិនមែនត្រឹមតែជួយសន្សំសំចៃចរន្តអគ្គិសនី ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ ជួយសន្សំសំចៃថវិកា និងចូលរួមការពារបរិស្ថាន ហើយធ្វើឱ្យទីក្រុងមានផាសុកភាពក្នុងការរស់នៅ៕
ដោយ៖ ជួប ស្រីរ័ត្ន