Facebook និង Twitter បានលុបគណនីរបស់ខ្លួនជាច្រើនដែលសង្ស័យថានៅពីក្រោយខ្នងដោយរដ្ឋាភិបាលចិន​



ក្រុមហ៊ុន Facebook និង Twitter បានធ្វើការដកនូវគណនីអ្នកលេងរបស់ខ្លួនដែលបង្ហោះសារនិងរូបភាពផ្សេងៗ ដែលសង្ស័យថានៅពីក្រោយខ្នងដោយរដ្ឋាភិបាលចិន ក្នុងគោលបំណងបំពុលព័ត៌មានទាក់ទងទៅលើអ្នកតវ៉ាហុងកុង។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។ 

Image result for facebook

កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុន Facebook បានធ្វើការដកនូវផេកហ្វេសបុកចំនួន៧ ក្រុមចំនួន៣ និងគណនីហ្វេសបុកចំនួន៥ ដែលជាប់ពាក់ព័ន្ធនឹងអាក្បកិរិយាមិនពិត ដែលចេញមកពីប្រទេសចិន ដែលមានគោលដៅសំដៅលើក្រុងហុងកុង។ នៅថ្ងៃជាមួយគ្នានោះដែរ Twitter បានប្រកាសថាខ្លួនបានព្យួរគណនីចំនួន ៩៣៦ ដែលចេញពីប្រទេសចិន ដែលមានការរំលោភទៅលើគោលការណ៍របស់ក្រុមហ៊ុន Twitter ដោយរួមបញ្ចូលទាំង spam សកម្មភាពរួមគ្នា (coordinated activity) គណនីក្លែងក្លាយ និងការប្រាសចាក់ពីការហាមប្រាមរបស់ក្រុមហ៊ុនជាដើម។

ក្រុមហ៊ុន Facebook បានប្រកាសថាខ្លួនបានលុបគណនីហ្វេសបុកដែលជាប់ពាក់ព័ន្ធនឹងអ្នកតវ៉ាហុងកុង ពីព្រោះគណនីទាំងនោះជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិនច្រើនជាង។ ដោយអ្នកនាំពាក្យក្រុមហ៊ុនហ្វេសបុក បាននិយាយថា Facebook បានប្រើប្រាស់បច្ចេកវិទ្យាចម្រុះគ្នា និងធ្វើការសើបអង្កេតដើម្បីកំណត់អំពីគណនីទាំងនោះដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Twitter ក៏បានប្រកាសថាខ្លួនកំពុងធ្វើការសើបអង្កេតយ៉ាងដិតដល់ ហើយរកឃើញថាគណនីទាំងនោះពិតជាបំពានទៅលើគោលការណ៍របស់ខ្លួនពិតមែន។ 

អ្នកវិភាគបានបាននិយាយថា ចំណូលផ្សព្វផ្សាយរបស់ក្រុមហ៊ុនទាំង ២ខាងលើនេះក្នុងប្រទេសចិន អាចនឹងជួបហានិភ័យ ខណៈដែលក្រុមហ៊ុនចិនផ្សេងៗកំពុងពិចារណាលើក្រុមហ៊ុននេះ។

លោក Liu Guohong ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ចិន ( China Development Institute) ដែលស្ថិតក្នុងទីក្រុងShenzhen បានមានប្រសាសន៍ថា៖ «បើទោះបីជាការធ្វើទីផ្សារនៅលើ Facebook និង Twitter ជាទូទៅកំណត់គោលដៅលើអតិថិជននៅក្រៅប្រទេសក៏ដោយ ក្រុមហ៊ុនចិនដែលទិញការផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមទាំង២នេះនឹងគិតពិចារណាឡើងវិញនូវចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយរបស់ខ្លួន។ ដូចនេះ ការបញ្ឈប់គណនីទាំងនេះប្រហែលមានផលប៉ះពាល់ត្រលប់មកវិញទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុនទាំងពីរក្នុងប្រទេសចិន»។

ក្រុមហ៊ុនហ្វេសបុករកចំណូលបានពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុនក្នុងប្រទេសចិនស្មើនឹងប្រមាណ ១០ភាគរយនៃចំណូលសរុបរបស់ខ្លួន ឬស្មើនឹង៥ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការបញ្ជាក់ពី Pivotal Research Group ក្នុងឆ្នាំ២០១៨។ Facebook ចាត់ទុកប្រទេសចិនជាទីផ្សារក្រៅប្រទេសទាំង៥  ប្រទេសទាំង៥នេះស្មើនឹង៥៧ភាគរយជាចំណូលសរុបក្នុងឆ្នាំ២០១៨។ 

គួរបញ្ជាក់ផងដែរថា Facebook ជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលចំណាត់ថ្នាក់លេខ២បន្ទាប់ទី Google ដែលមានចំណែកទីផ្សារ ២០,២ភាគរយ៕

ដោយ៖ លង់ វណ្ណៈ