ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង នឹងត្រូវតភ្ជាប់ជាលើកដំបូងនាចុងខែវិច្ឆិកានេះ ដើម្បីគោលដៅទេសចរណ៍
ភ្នំពេញ៖ កម្ពុជានឹងបើកជើងហោះហើរត្រង់ភ្នំពេញ-ដាណាង ជាលើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើនបន្ទាប់ពីភ្ញៀវទេសចរ បញ្ចប់ដំណើរកម្សាន្តនៅវៀតណាម។
នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដែលដឹកនាំដោយលោក ហ័ង ម៉ាញ់ទួន (Hoang Manh Tuan) អគ្គនាយកក្រុមហ៊ុន បានជួបពិភាក្សាគ្នា ដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀតណាម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះ ឯកឧត្តម ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។ ឯកឧត្តមក៏បានស្នើបន្ថែមឱ្យក្រុមហ៊ុនគិតគូរលើការបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋាការមកកម្ពុជា។
ចំពោះសំណើខាងលើនេះ លោកអគ្គនាយក ហ័ង ម៉ាញ់ទួន ក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប ពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ខេត្តដាណាងជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀតណាម ដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រងពីភ្នំពេញទៅដាណាងផងដែរ។ អ្វីដែលសំខាន់ គឺដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីឆ្នាំមុន វិស័យទេសចរណ៍កម្ពុជារកចំណូលបានប្រមាណ៤ ,៣៥ពាន់លានដុល្លារ អាមរិក និងរំពឹងកើនដល់៥ពាន់លានដុល្លារនៅឆ្នាំនេះ ដោយក្នុងនោះភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជាមាន ចំនួន៨៨៧,០៣៩ នាក់នៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ៕
ដោយ៖ ស្រីពេជ្រ