កម្ពុជា-ចិន ជំរុញ ការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តហឺណាន មកកម្ពុជា​



ភ្នំពេញ៖ កម្ពុជា-ចិន ជំរុញ ការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តហឺណានប្រទេសចិនមកកម្ពុជា ដើម្បីសម្រួលដល់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ខណៈភាគីកម្ពុជាកំពុងសិក្សា និងពិនិត្យលទ្ធភាពបង្កើតស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តហឺណាន។

ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ថ្មីមួយនេះ ត្រូវបានភាគីទាំងពីរលើកឡើងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ សំដៅពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តហឺណាន ប្រទេសចិន និងព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Ma Jian អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou (Zhengzhou Airport Economic Zone-ZAEZ) នៃខេត្តហឺណាន ប្រទេសចិន និងសហការី អមជាមួយវត្តមានលោក Zhan Yuhong ស្ថានតំណាងទេសចរណ៍ប្រចាំទីក្រុង Zhengzhou ខេត្តហឺណាន ចូលជួបពិភាក្សា។

នៅក្នុងឱកាសនោះ លោក Ma Jian អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou បានស្នើជំរុញការតភ្ជាប់ជើងហោះហើរពីខេត្តហឺណានមកកម្ពុជា ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ (passengers) និងទំនិញ(Cargos)ជាដើម ក្នុងន័យសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្ម ព្រោះខេត្តហឺណាន ជាខេត្តដែលមានប្រជាជនច្រើនរហូតប្រមាណ ១០០លាននាក់ និងកំពុងសក្ដានុពលមួយរបស់ចិន។

ភាគីទាំងពីរ ក៏បានឯកភាព ថា នឹងជំរុញឲ្យមានការចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុងZhengzhou (ZAE)របស់ខេត្តហឺណាន ក្នុងពេលឆាប់ៗខាងមុខ។ ដោយជំហានដំបូង ភាគីទាំងពីរក៏ឯកភាព និងទទួលស្គាល់ភាពចាំបាច់ក្នុងការជំរុញ និងពិនិត្យលទ្ធភាពបង្កើតស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តហឺណានផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីផ្សព្វផ្សាយ ទេសចរណ៍រួមគ្នានៃសក្តានុពលទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ជាពិសេសត្រៀមសហការរៀបចំពិធីបិទព្រឹត្តិការណ៍ឆ្នាំទេសចរណ៍ និងវប្បធម៌ កម្ពុជា-ចិន ផងដែរ ដើម្បីជំរុញកំណើនទេសចរ និងការវិនិយោគបន្ថែម។

សូមបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តមួយរបស់ប្រទេសចិនដែលសំបូរដោយបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដូចជាវត្តសាវឡិញ Mt. Songshan's Shaolin Temple ព្រះវិហារ Xiangguo Monastery ជាដើម។

គួរបញ្ជាក់ថា របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីឆ្នាំមុន វិស័យទេសចរណ៍កម្ពុជា បានរកចំណូល បានប្រមាណ៤ ,៣៥ពាន់លានដុល្លារអាមរិក និង រំពឹងកើនដល់៥ពាន់លាន ដុល្លារនៅឆ្នាំនេះ ដោយក្នុងនោះភ្ញៀវ ទេសចរចិន ដែលមកទស្សនាកម្ពុជាមាន ចំនួន៨៨៧,០៣៩ នាក់នៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ៕

ដោយ៖ ស្រីពេជ្រ

X
5s