សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​កម្ពុជា​សំខាន់ៗប្រចាំសប្ដាហ៍​



ដើម្បី​ជួយ​ផ្ដល់​ជា​ចំណេះ​ដឹង​ផ្នែក​សេដ្ឋកិច្ច គំនិត​ក្នុង​ការ​វិនិយោគ​ និង​ពង្រីក​អាជីវកម្ម​របស់​លោក​អ្នក​ថ្ងៃ​នេះ ​Bizkhmer សូម​ចែក​រំលែក​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៥​ ពី​ស្ថាប័ន​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ខាង​ក្រោម​គឺ​ជា​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ៖

តាម​កាសែត​កោះ​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ពី៖ ជាង​៧​ខែ​ដើម​ឆ្នាំ​២០១៩​កម្ពុជា​នាំ​កសិផល​ ២,៦លាន​តោន៖ ក្នុង​រយៈពេល​ប្រមាណ​ជាង ៧​ខែ​ក្នុង​ឆ្នាំ​២០១៩ នេះ​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​បាន​ប្រមាណ ២,៦ លាន​តោន ដែល​ភាគច្រើន​ទៅ​កាន់​ប្រទេស​វៀតណាម ជា​ប្រទេស​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៩ កាសែត​រស្មី​កម្ពុជា​បាន​ចេញ​ផ្សាយ​ពី៖ ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ជាមួយ​ទុន​ប្រមាណ​១០០​លាន​ដុល្លារ​នឹង​លេចចេញ​រូបរាង​៖ «ដើម្បី​ជួយ​ទៅដល់​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​(SMEs)​ដែល​ប្រឈម​នឹង​បញ្ហា​កង្វះ​ទុន​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដោយ​ដំណាក់កាល​ដំបូង​នឹងដាក់​មូលនិធិ​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​។​ ធនាគារ​នេះ​អាច​នឹង​លេចចេញ​រូបរាង​នៅ​ចុងឆ្នាំ​២០១៩​នេះ»។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចំណែក​ឯ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី៖ ចំណូល​ពន្ធដារ​រយៈពេល​ ៧ ​ខែ ​កើន​ជាង​ ២៨ ​%​៖  ការ​ប្រមូល​ពន្ធដារ​របស់​​អគ្គ​​នាយកដ្ឋាន​ពន្ធដារ​ក្នុង​រយៈពេល ៧ ​ខែ​ ឆ្នាំ ​២០១៩ នេះ​ សម្រេច​បាន​ជាង ១,៧ ​ពាន់​លាន​ដុល្លារ កើន​ជាង​ ២៨ ភាគរយ បើ​ធៀប​​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០១៨។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ សារព័ត៌មាន​Khmertime​ បាន​ចេញ​ផ្សាយ​ពី៖ សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន​ ​១០០លាន​ដុល្លារ​ ​សម្រាប់​វិស័យ​ជលផល​៖ ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​លោក​ ​George​ ​Edgar​ ​បាន​ធ្វើការ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​កាលពី​ម្សិលមិញ​ ​ខណៈ​ដែល​លោក​បាន​បញ្ចប់​ការរៀបចំ​ដើម្បី​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នូវ​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ​១០០​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​សម្រាប់​វិស័យ​ជលផល​របស់​ប្រទេស​កម្ពុជា​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចុង​ក្រោយ​យោង​តាម​សារព័ត៌មាន​ខ្លីខ្លី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ពី៖ កម្ពុជា វៀតណាម ឯកភាព​​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​ជា​សហ​ប្រធាន​ជា​មួយ លោក ផាម ប៊ិញមិញ ឧប​នាយក​រដ្ឋ​មន្រ្តី​នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែល​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ លើ​ទី ១៧ កាល​ពី​​ថ្ងៃ​ទី ២១ សីហា ២០១៩។ សូម​ចុច​ទី​នេះ​ដើម្បី​អានព័ត៌មាន​លម្អិត

ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s