កម្ពុជា​នាំ​ចេញ​ត្បូង​និង​គ្រឿង​អលង្ការ​សរុបជាទឹកប្រាក់ ២០​លាន​ដុល្លារ​អាមេរិក​



នៅ​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​គ្រឿងអលង្ការ និង​សហគ្រិន​ស្ត្រី​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៩​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នា​មជ្ឈមណ្ឌល​សន្និសីទនិង​ពិព័រណ៍​កោះ​ពេជ្រ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្រ្តី​ ចម ប្រសិទ្ធ មាន​ប្រសាសន៍​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​កម្ពុជា​បាន​នាំ​ចូល​គ្រឿង​អលង្ការ​ពី​ក្រៅ​ប្រមាណ​៤០​លាន​ដុល្លារ​ ហើយ​យើង​ក៏​អាច​នាំ​ចេញ​វិញ​ចំនួន​២០​លាន​ដុល្លារ ខណៈ​ដែល​ពី​មុន​មក​យើង​មិន​ដែល​បាន​នាំ​ចេញ​ទេ។ 

លោក​ទេសរដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ថែម​ថា​ «នៅ​ពេល​ដែល​យើង​មិន​បាន​គិត​ដិតដល់​លើ​ការ​កែច្នៃ​គ្រឿង​អលង្ការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ធ្វើ​ឲ្យ​យើង​បាត់បង់​ឱកាស​យ៉ាង​ច្រើន រហូត​ដល់​កូន​ជាង​និង​មេ​ជាង​របស់​យើង​ទៅ​ធ្វើ​ការ​នៅ​ថៃ​អស់ ដូច្នេះ​យូរ​ទៅ​ថៃ​គេ​នឹង​អាច​ផលិត​នូវ​គ្រឿង​អលង្ការ​ដែល​ល្អ​ទៅ​លក់​នៅ​ក្រៅ ដែល​ទាំង​នោះ​សុទ្ធ​សឹង​តែ​ចេញ​ពី​ស្នាដៃ​របស់​ខ្មែរ នេះ​ជា​អ្វី​ដែល​យើង​គួរ​ពិចារណា»។

ដូច្នេះ​ដើម្បី​រួម​ចំណែក​បង្កើន​ការ​នាំ​ចេញ​ត្បូង និង​គ្រឿង​អលង្ការ​កម្ពុជា​ទៅ​ទីផ្សារ​បរទេស ឯកឧត្ដម​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៤​ដែល​រួម​មាន ក្រសួង​កិច្ចការ​នារី ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ រួម​គ្នា​សហការ​ជា​មួយ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បើក​ជា​សាលា​រៀន​អំពី​ការ​ច្នៃ​ត្បូង និង​គ្រឿង​អលង្ការ ព្រោះ​នៅ​កម្ពុជា​មិន​ទាន់​មាន​នៅ​ឡើយ​ទេ៕

ដោយ៖ ជួប ស្រីរ័ត្ន

 

 

 

X
5s