នេះ​ហើយ​ជា​សញ្ញាណ​​ចំនួន ៦ របស់​មនុស្ស​​​ចូលចិត្ត​ពន្យារពេល​



តើ​អ្នក​មាន​ធ្លាប់​ឆ្ងល់​ខ្លួនឯង​ដែរ​ទេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ដែល​សម្រេច​កិច្ចការ​ណាមួយ​ធំដុំ​បាន? អ្នក​មិន​ដឹង​ថា ខ្លួន​ឯង​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រាកដ មិន​ដឹង​ចាប់​ផ្តើម​ការងារ​ដោយ​របៀបណា ​ត្រូវ​សម្រេច​នៅ​ពេល​ណា ឬ​អ្វី​ដែល​ត្រូវ​ធ្វើ​បែរជា​មិន​ធ្វើ​។ មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗ​ជា​ច្រើន​ទៀត ​នោះ​ក៏​ដោយសារ​តែ​អ្នក​ជា​មនុស្ស​ពូកែ​ដោះសា​ចូលចិត្ត​ពន្យារពេល​នេះ​ឯង។ 

ពិនិត្យ​មើល​សញ្ញាណ ៦ ចំណុច​ខាងក្រោម​នេះ​ ហើយ​សង្កេត​ដោយ​ខ្លួនឯង​ថា តើ​​វា​កំពុង​​មាន​វត្តមាន​នៅ​ជាមួយ​អ្នក​ដែរ​ឬ​ទេ? បើ​ចម្លើយ​របស់​អ្នក​វិជ្ជមាន​នោះ មានន័យ​ថា អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​អន្ទាក់​ជា​មនុស្ស ចូលចិត្ត​ពន្យារពេល​ហើយ។ ​​​​

១.​ខ្វះ​ចក្ខុវិស័យ​ក្នុង​ជីវិត
ការ​មិន​មាន​ចក្ខុវិស័យ​ច្បាស់លាស់​សម្រាប់​ពេល​អនាគត​  គឺ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ធំៗ​បំផុត​ជា​ច្រើន​ទៀត​របស់​មនុស្ស​ដែល​​ចូលចិត្ត​ដោះសា​ពន្យារពេល។ ប្រសិន​បើ​អ្នក​មិន​អាច​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​​ការ​សម្រេច​កិច្ចការ​ជាក់លាក់​ណាមួយ​របស់​អ្នក​ ហេតុអ្វី​បាន​ជា​អ្នក​ចាប់​ផ្តើម​ធ្វើ​វា​រហូត​មក? 

ជា​គន្លឹះ​ដ៏​ល្អ​មួយ ​អ្នក​ត្រូវ​​មើល​ឃើញ​ឲ្យ​​ច្បាស់​​​ពី​អ្វី​ដែល​​តម្រូវការ​ និង​មូលហេតុ​ដើម្បី​សម្រេច​បាន​ការងារ​នោះ។ ធ្វើ​បែប​នេះ វា​អាច​​​ជួយ​លើកទឹកចិត្ត​​អ្នក​ក្នុង​ការ​ឈានទៅមុខ និង​អាច​សម្រេច​កិច្ចការ​បាន​​ជោគជ័យ​។

២.គ្មាន​ពេល​គ្រប់គ្រាន់ 
ពាក្យ​ថា "គ្មាន​ពេល​គ្រប់គ្រាន់​" គឺ​ជា​លេស​ពេញនិយម​បំផុត​​មួយ​ទៀត​​របស់​មនុស្ស​ចូលចិត្ត​ពន្យារពេល​ដែល​ធ្វើ​ឲ្យ​បុគ្គល​ប្រភេទ​នេះ​មិន​អាច​សម្រេច​បាន​លទ្ធផល​អ្វី​ជា​ដុំកំភួន។ ពួកគេ​ប្រហែល​ជា​គិត​ថា ខ្លួន​កំពុង​មមាញឹក​នឹង​ការងារ​ខ្លាំង រក​ពេល​ធ្វើ​អ្វី​ផ្សេង​ទៀត​មិន​បាន។ ក៏ប៉ុន្តែ​គួរឲ្យ​ស្តាយ​ដោយហេតុ​ថា ភាព​រវល់​របស់​មនុស្ស​ម្នាក់ៗ​មិនមែន​សុទ្ធតែ​មានន័យ​ថា ពួកគេ​ចំណាយ​ពេល​វេលា​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ តាមពិត​ពួកគេ​​កំពុង​រវល់​ធ្វើ​កិច្ចការ​ដែល​គ្មាន​ប្រយោជន៍ បែងចែក​ពេលវេលា​មិន​ត្រឹមត្រូវ ឬ ខ្វះ​សមត្ថភាព​ក្នុង​ការ​បដិសេធន៍​សកម្មភាព​គ្រប់​យ៉ាង​តែប៉ុណ្ណោះ។ 

យ៉ាងណាក៏ដោយ អ្នក​ត្រូវ​រៀន​ពី​របៀប​គ្រប់គ្រង​ពេលវេលា​​ឲ្យ​មាន​ប្រសិទ្ធភាព។ ប្រសិន​បើ​អ្នក ធ្វើ​បាន អ្នក​នឹង​មាន​ពេល​ជាច្រើន​​សម្រាប់​ធ្វើ​កិច្ចការ​សំខាន់ៗ​ដទៃ​ទៀត។ ​

៣.​គ្មាន​ការ​​បែងចែក​​គម្រោង​ការងារ​ដែល​ត្រូវ​ធ្វើ​ច្បាស់លាស់​​
ដូច​លោក  Peter Druker និយាយ​ថា “បើ​អ្នក​បរាជ័យ​រៀបចំ​គម្រោង អ្នក​នឹង​មាន​គម្រោង​បរាជ័យ”។ នេះ​​ជា​របៀប​គ្រប់គ្រង​ជីវិត​មួយ​ទៀត ​របស់​មនុស្ស​ពូកែ​ដោះសា​។ មនុស្ស​ប្រភេទ​នេះ គ្មាន​គម្រោង​ការងារ​ច្បាស់លាស់​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ហើយ​បើ​មាន​ ក៏​មិន​អាច​សម្រេច​បាន​ដូច​អ្វី​ដែល​គ្រោងទុក​​នោះ​ដែរ។ ពួកគេ​ចូលចិត្ត​បណ្តែតបណ្តោយ​ពេលវេលា​រហូត​ជិត​ដល់​ថ្ងៃ​កំណត់​ទើប​ចាប់ផ្តើម។ បើ​អ្នក​ក្រឡេក​មើល​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​វិញ គ្មាន​ការងារ​អ្វី​ដែល​ជា​ដុំកំភួន​សោះ​ឡើយ ហើយ​ក៏​មិន​ដឹង​ចាប់​ផ្តើម​ធ្វើ​អ្វី​ទៅ​មុន អ្វី​ខ្លះ​ចាំបាច់​ត្រូវ​ធ្វើ។ 

​​​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ត្រូវ​រៀបចំ​កាលវិភាគ​គម្រោង​ការងារ​របស់​អ្នក​ថា តើ​អ្នក​​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​នៅ​ថ្ងៃ​នីមួយៗ? តើ​អ្វី​ជា​ការងារ​អាទិភាព​របស់​អ្នក? អ្នក​ត្រូវ​តាមដាន​សកម្មភាព​របស់​អ្នក​ក្នុង​ថ្ងៃ​នីមួយៗ ថា តើ​អ្នក​បាន​សម្រេច​​បាន​​អ្វី​ខ្លះ? អាច​សម្រេច​បាន​ដូច​ការ​គ្រោងទុក​ ឬ​គោលដៅ​ដែល​បាន​កំណត់​ដែរ​ឬ​ទេ? 

៤.​​ឆាប់​នឿយហត់
មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​ដោះសា​ដោយ​​​ទម្លាក់​កំហុស​លើ​ភាព​នឿយហត់​របស់​ខ្លួន។ ពួកគេ​បាន​ពន្យារពេល​ធ្វើ​កិច្ចការ​សំខាន់​ជា​ច្រើន​នៅ​ផ្ទះ​ ដោយ​​ហេតុផល​ហត់នឿយ​ច្រើន​ពី​កន្លែង​ធ្វើការ។ ជំនួស​ឲ្យ​ការ​បង្កើត​ទម្លាប់​មួយ​នេះ អ្នក​គួរ​រក​ឲ្យ​ឃើញ​នូវ​មូលហេតុ​ពិតប្រាកដ​​ដែល​នាំ​ឲ្យ​អ្នក​នឿយហត់​។ តើ​អ្នក​ទទួលទាន​បាន​ត្រឹមត្រូវ​ដែរ​ទេ? ​តើ​អ្នក​បាន​ហាត់ប្រាណ​ដែរ​ទេ? តើ​អ្នក​បាន​ទទួលទាន​ដំណេក​គ្រប់គ្រាន់​ដែរ​ទេ?  រក​មូលហេតុ​របស់​អ្នក​ឲ្យ​ឃើញ​​ ​បន្ទាប់​មក​ព្យាយាម​ដោះស្រាយ​វា​ដោយ​​ធ្វើ​ការ​ផ្លាស់ប្ដូរ​​តាម​វិធី​ថ្មី​របស់​អ្នក។

៥.ភ័យខ្លាច​ច្រើន
ការ​ភ័យខ្លាច​​ទៅ​នឹង​លទ្ធផល​ អាច​ជា​កត្តា​​​ផ្សេង​មួយទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​​ចូលចិត្ត​ពន្យារពេល​។ មនុស្ស​ខ្លះ​ខ្លាច​បរាជ័យ។ ពួកគេ​​បាន​គិត​ជាមុន​ថា ខ្លួន​នឹង​មិន​អាច​បំពេញ​ភារកិច្ច​បាន​ល្អ ហេតុដូច្នេះ​ហើយ​ក៏​សម្រេចចិត្ត​ពន្យារពេល​ចាប់ផ្តើម​ធ្វើ​វា​តែម្តង​។ អ្នក​ខ្លះ​ទៀត​​ខ្លាច​ភាព​ជោគជ័យ។ ជឿ ឬ មិន​ជឿ អ្នក​អាច​​អង្កេត​មើល​ដោយ​ខ្លួន​ឯង​បាន។ មនុស្ស​ប្រភេទ​នេះ​ខ្លាច​ជោគជ័យ​ដោយសារតែ​ពួកគេ​យល់​ថា  លទ្ធផល​នៃ​ការ​​សម្រេច​បាន​កិច្ចការ​ណាមួយ​នោះ អាច​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​ភាព​​មិន​ប្រាកដប្រជា​។ ភាព​ភ័យខ្លាច​នេះ​ អ្នក​អាច​បញ្ចប់​វា​បាន​ដោយ​ត្រូវ​ស្វែងយល់​ពី​លទ្ធផល​​ដែល​អ្នក​ទទួល​បាន​នៅ​ពេល​សម្រេច​​ ឬ​​​​ផលវិបាក​​​ដែល​អ្នក​សម្រេច​មិន​បាន​កិច្ចការ​ទាំងនោះ។

៦.ងាយ​​ទទួលយក​ភាព​រំខាន​​ភ្លាមៗ
ដោយសារ​តែ​នៅ​ពេល​បច្ចុប្បន្ន បច្ចេកវិទ្យា​កាន់តែ​ទំនើប ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់តែ​ផុសផុល ហើយ​បណ្ដាញ​សង្គម​កាន់តែ​វាយលុក​ខ្លាំង នេះ​វា​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​​​​មាន​​ផល​លំបាក​ក្នុង​ការ​ផ្ដោត​​តែ​ទៅ​លើ​កិច្ចការ​ដែល​ខ្លួន​​កំពុង​ធ្វើ។ សម្លេង​សារ សម្លេង​ទូរស័ព្ទ​រោទ៍ ​ និង​សកម្មភាព​ជាច្រើន​ទៀត បាន​បង្ហាញ​ខ្លួន​នៅ​​ពេល​អ្នក​កំពុង​ផ្ចង់​ការងារ​របស់​អ្នក។ ចង់​ឬ​មិន​ចង់ វា​នឹង​ធ្វើ​​ឲ្យ​អ្នក​ពន្យារពេល​ជា​បន្តបន្ទាប់។ យ៉ាងណាមិញ អ្នក​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន ដោយ​បិទ​សម្លេង Notifications ចោល ហើយ​​ចាំ​ឆែក​វា​មើល​ទៅ​ពេល​ណាមួយ​ដែល​អ្នក​បាន​កំណត់។ សូម​ចាំ​ថា កុំ​ឲ្យ​បច្ចេកវិទ្យា​មក​គ្រប់គ្រង​អ្នក។ អ្នក​ត្រូវតែ​គ្រប់គ្រង​បច្ចេកវិទ្យា។

ប្រភព៖ Lifehack