ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុគីមីរក្សាគុណភាពអាហារ និងរក្សាបន្លែ
សារធាតុគីមីរក្សាអាហារ ត្រូវបានគេផលិតឡើងដើម្បីការពារបាក់តេរីដែលបង្កឲ្យអាហារឆាប់ខូចដូចជាពពួកផ្សិតលើអាហារ អតិសុខុមប្រាណ ដែលភាគច្រើនគេប្រើប្រាស់វាសម្រាប់អាហារវេចខ្ចប់ស្រាប់ និងអាហារកំប៉ុងជាដើម។ សារធាតុគីមីដែលប្រើសម្រាប់រក្សាគុណភាពបន្លែក៏ដូចគ្នាដែរ វាអាចជួយរក្សាឲ្យបន្លែនៅស្រស់បានយូរ តែជាក់ស្តែងសារធាតុទាំងអស់នោះមិនបានរក្សាគុណភាពអាហារ និងបន្លែរបស់អ្នកឲ្យបានល្អ ១០០% ទេព្រោះវាអាចបង្កជាផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៅវិញ។
ផលប៉ះពាល់នៃសារធាតុគីមីទាំងនោះមានដូចជា៖
១) ធ្វើឲ្យមានប្រតិកម្មអាឡែកស៊ី និងជំងឺជាច្រើន
វាអាចនឹងបង្កជាអាឡែកស៊ីបើអ្នកសារពាង្គកាយអ្នកប្រតិកម្មនឹងសមាសធាតុផ្សំណាមួយ ហើយវានឹងបង្កជាបញ្ហាសើស្បែក ចុះខ្សោយប្រព័ន្ធភាពស៊ាំ បញ្ហាប្រព័ន្ធរំលាយអាហារ រាគរូសពុលអាហារ និងជំងឺនានាជាច្រើនទៀត។ ឆ្លងតាមការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០០៩ បញ្ជាក់ថាមនុស្សដែលមានបញ្ហាប្រតិកម្មអាឡែកស៊ីបណ្តាលមកពីសារធាតុគីមីផ្សំដើម្បីរក្សាចំណីអាហារ កើតមានកាន់តែច្រើនឡើងៗ ក្នុងនោះ ៧% មានបញ្ហាកន្ទួលរមាស់លើស្បែក។
២) មានបញ្ហាផ្នែកសតិអារម្មណ៍
អត្រាប្រេវ៉ាឡង់នៃការផ្ចង់អារម្មណ៍ត្រូវបានថយចុះ ខណៈសមត្ថភាពនៃអង្គចងចាំក៏ធ្លាក់ចុះដូចគ្នា បន្ទាន់ពីសារធាតុគីមីទាំងនោះធ្វើឲ្យការចងចាំរបស់អ្នកថយចុះ នេះត្រូវបានគេសិក្សាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយក៏នៅតែមានការស្រាវជ្រាវបន្ថែមពីសំណាក់វេជ្ជបណ្ឌិតលើបញ្ហានេះដូចគ្នា។
៣) មានសក្តានុពលកើតមហារីកខ្ពស់
សារធាតុគីមីទាំងនោះមិនបញ្ចេញសកម្មភាពភ្លាមៗក្នុងរយៈពេលពីរបីថ្ងៃ ឬមួយខែពីរខែទេ តែបន្ទាប់ពីវាសម្ងំក្នុងខ្លួនច្រើនខែច្រើនឆ្នាំមក វានឹងបង្កជាជំងឺមហារីកយ៉ាងសាហាវដូចជា មហារីកប្រព័ន្ធរំលាយអាហារ មហារីកសុដន់ និងមហារីកជាច្រើនប្រភេទទៀត។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះយើងមិនអាចចៀសផុតពីការប្រើប្រាស់សារធាតុគីមីទាំងអស់នេះបានឡើយ។ តើធ្វើយ៉ាងណាទៅទើបអាចប្រើវាបាន និងមានផលប៉ះពាល់សុខភាពទាបបំផុត? គឺអ្នកត្រូវប្រើវាក្នុងកម្រិតឲ្យបានត្រឹមត្រូវ លើសពីនេះអាណព្យាបាលគ្រប់រូបគួរ៖
១) ទម្លាប់ទិញបន្លែត្រីសាច់ស្រស់ដើម្បីចម្អិនអាហារជូនកូនៗ និងក្រុមគ្រួសារចៀសវាសការបរិភោគអាហារកំប៉ុងច្រើនពេក។
២) ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ត្រី សាច់ទាំងនោះ ឲ្យបានស្អាតល្អជាមុន មុនពេលធ្វើការចំអិនឬបរិភោគ។
៣) អានការណែនាំពីវិធីនៃការប្រើប្រាស់ និងសារធាតុផ្សំឲ្យបានត្រឹមត្រូវមុនពេលទិញអាហារកំប៉ុង ឬអាហារឆ្អិនស្រាប់ណាមួយ ដើម្បីឲ្យប្រាកដថាអាហារទាំងនោះគ្មាន ឬមានសារធាតុដែលបង្កបញ្ហាដល់សុខភាពអ្នកតិចតួចបំផុត។
៤) អ្នកគួរទិញបន្លែពីកសិដ្ឋានផ្ទាល់ ដែលអ្នកស្គាល់កសិករដាំនោះច្បាស់ ធ្វើបែបនេះអ្នកអាចជួយបង្កើនការប្រើប្រាស់ និងបរិភោគអាហារសរីរាង្គបានថែមទៀតផង៕
ដោយ៖ យ៉ាយ៉ា