ក្រុមហ៊ុន​មួយ​គ្រោង​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​នៅ​កោះ​រ៉ុងសន្លឹម​លើ​ផ្ទៃដី​ជាង​១ពាន់ហិកតា​



បន្ទាប់​ពី​បាន​សិក្សា​ និង​វាយ​តម្លៃ​ដោយ​ក្រុមប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ី លើ​ផល​ប៉ះពាល់​បរិស្ថាន​ អង្គប្រជុំ​ដែល​ដឹកនាំ​ដោយ​ ឯកឧត្តម សាបូ អូហ្សាណូ​រដ្ឋលេខាធិការ​នៃក្រសួងបរិស្ថាន​ បាន​យល់​ព្រម​ចំពោះ​គម្រោង​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​ លើ​ផ្ទៃដី​សរុប​ទំហំ ១.០៦៦ហិកតា ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​សង្កាត់​កោះរ៉ុងសន្លឹម ខណ្ឌ​ព្រះសីហនុ ក្រុង​ព្រះសីហនុ របស់​ក្រុមហ៊ុន KOH RONG SANLOEM ISLAND RESORTS CO., LTD.។ នេះ​បើ​តាម​ក្រសួង​បរិស្ថាន។

ជាលទ្ធផល ឯកប្រធានអង្គប្រជុំ​ បានសម្រេច​ ដូចខាងក្រោម៖

១. ជារួម អង្គប្រជុំ​មាន​ការ​គាំទ្រ​សម្រាប់​គម្រោង។

២. ក្រុមហ៊ុន​ ត្រូវ​រក្សា​ទុក​ព្រៃ​កោងកាង​ទាំង​អស់​ទៅ​តាម​សំណើ​របស់​រដ្ឋបាល​ជលផល ព្រោះ​ផ្ទៃដី​ព្រៃ​កោងកាង។ ហើយ​នាយកដ្ឋាន​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ត្រូវ​ធ្វើ​លិខិត​ជូន​ដំណឹង​ស្ដី​ពី​គម្រោង​អភិវឌ្ឍន៍​ទៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស និង​តំបន់​ឆ្នេរ ដើម្បី​ពិនិត្យ​ និង​មាន​មតិយោបល់​ជា​មុន​សិន។ 

៣. ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​រង់ចាំ​ការ​ឯកភាព និង​អនុញ្ញាត​ទៅ​លើ​ប្លង់​មេ​ស្ដី​ពី​ការ​សាងសង់​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​មុន​សិន មុន​នឹង​ចាប់ផ្ដើម​សកម្មភាព​សាងសង់​ផ្សេងៗ។

៤. ក្រុមហ៊ុន​ ត្រូវ​អនុវត្ត និង​គោរព​តាម​ច្បាប់​គ្រប់គ្រង​តំបន់​​ការពារ​តំបន់ឆ្នេរ។

៥. កិច្ច​គាំពារ​បរិស្ថាន​នៅ​តំបន់​កោះ​រ៉ុងសន្លឹម​នេះ បញ្ហា​សំខាន់​គឺ​ការ​គ្រប់គ្រង​សំណល់រឹង និង​សំណល់​រាវ។ ដូចនេះ​ ស្នើសុំ​ឱ្យ​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង​ ពិនិត្យ​មើល​ទៅ​លើ​បទដ្ឋាន​បច្ចេកទេស​ទុកដាក់ និង​ដឹក​ជញ្ជូន​ពី​កោះ​រ៉ុងសន្លឹម​មក​ដី​គោក។ ចំពោះ​សំណល់​រាវ យើង​គាំទ្រ​ឱ្យ​មាន​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ ប៉ុន្ដែ​ក្នុង​ដំណាក់​កាល​ដំបូង​ដែល​អាង​ប្រព្រឹត្តកម្ម​ធំ​មិន​ទាន់​សាង​សង់​រួច ក្រុមហ៊ុន​ត្រូវ​មាន​អាង​ប្រព្រឹត្ត​កម្ម​ខ្នាត​តូច​ដែល​ទទួល​ស្គាល់​ដោយ​មន្ទីរបរិស្ថាន​ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន​មិន​ត្រូវ​បង្ហូរ​សំណល់​រាវ​ចូល​សមុទ្រ​ដោយ​មិន​បាន​ឆ្លងកាត់​អាង​ប្រព្រឹត្តកម្ម​ឡើយ។

៦. ក្រុមហ៊ុន​ម្ចាស់គម្រោង​ ត្រូវ​គិតគូរ​អំពី​ការ​រៀបចំ​បណ្ណ័​ ប.ស.ស​ ជូនបុគ្គលិក​ និង​កម្មករ​ក្នុង​គម្រោង៕

ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s