ក្រុមហ៊ុន​ធំៗ​បរទេស​កំពុង​សម្លឹង​ឃើញ​ការ​វិនិយោគ​សំខាន់​៣​នៅ​ខេត្ត​ព្រះសីហនុ​



ក្នុង​ឱកាស​នៃ​ការ​ជួប​សម្ដែង​ការ​គួរសម​ជា​មួយ​ឯកឧត្ដម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ លោក DATO MAH KASENG ប្រធាន​ក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC និង​ក្រុមហ៊ុន​វិនិយោគ បរទេស​សិង្ហបុរី និង​ម៉ាឡេស៊ី បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​វិនិយោគ​កែច្នៃ​សំរាម ផលិត​ជា​ថាមពល​អគ្គិសនី គម្រោង​ជីវឥន្ធនៈ និង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​នៅ​ខេត្ត​ព្រះសីហនុ។ 

លោក DATO MAH KASENG បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក មាន​គម្រោង​វិនិយោគ​លើ​ការ​កែច្នៃ​សំរាម ផលិត​ថាមពល​អគ្គិសនី ព្រោះ​ដោយ​ការ​មើល​ឃើញ​ពី​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​សន្ទុះ​កើន​ឡើង សំរាម​ក៏​វា​មាន​ការ​កើន​ឡើង​ផង​ដែរ។ ទន្ទឹម​នឹង​ការ​កែច្នៃ​សំរាម ក៏​មាន​គម្រោង​វិនិយោគ​ជីវឥន្ធនៈ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ក្រុមហ៊ុន ម៉ាឡេស៊ី និង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរី។

ជា​ការ​ឆ្លើយ​តប ឯកឧត្ដម គួច ចំរើន ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ព្រោះ​សំរាម​នា​ពេល​បច្ចុប្បន្ន ក្នុង​មួយ​ថ្ងៃ​មាន​ជាង ១.០០០ តោន ហើយ​វា​នឹង​អាច​កើន​ឡើង​បន្ថែម​ទៀត​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​សិក្សា​គម្រោង​ឱ្យ​បាន​ស៊ីជម្រៅ​អំពី​ទីផ្សារ ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​ក្នុង​ការ​វិនិយោគ​កែច្នៃ​សំរាម ជា​ថាមពល​អគ្គិសនី​ឱ្យ​មាន​ប្រសិទ្ធភាព​ ហើយ​មន្ត្រី​របស់​យើង​នឹង​ធ្វើ​ការ​ពិភាក្សា​តាម​ជំនាញ​នីមួយៗ ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​ទាំង ០៣​ខាង​លើ៕

ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s