ឆាប់ៗខាងមុខនេះ! រាល់ផលិតផលនាំចូលទាំងអស់នឹងត្រូវបកប្រែជាខេមរភាសា
ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាកសិករដែលខ្វះចំណេះដឹងផ្នែកភាសាបរទេស ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ឆាប់ៗខាងមុខរាជបណ្ឌិត្យសភា នឹងធ្វើការបកប្រែរាល់ផលិតផលដែលនាំចូលទាំងអស់ទៅជាខេមរភាសា។ ការលើកឡើងនេះធ្វើឡើងនៅក្នុង វេទិកាតុមូលស្ដីអំពី "ដំណើរប្រព្រឹត្តទៅនិងភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា" កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នារាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដម សុខ ទូច បានលើកឡើងថា ប្រជាកសិករខ្មែរដែលប្រើប្រាស់ផលិតផលកសិកម្មនាំចូលពីបរទេសដូចជា ជី ថ្នាំ និងចំណីសត្វជាដើម ពួកគាត់មិនអាចអានអក្សរបរទេសនៃផលិតផលទាំងនោះបានទេ ដូច្នេះធ្វើឲ្យពួកគាត់ខ្វះនូវបច្ចេកទេសក្នុងការប្រើប្រាស់ ដែលបណ្ដាលឲ្យប៉ះពាល់ដល់ទិន្នផលកសិកម្ម។ ពិសេសគឺពួកគាត់កម្រនឹងពាក់ម៉ាស ឬស្រោមដៃស្រោមជើងការពារខ្លួនណាស់ ជាហេតុនាំឲ្យពួកគាត់ប្រឈមនឹងបញ្ហាសុខភាព។
ដោយមើលឃើញពីបញ្ហាទាំងនេះ ទើបរាជបណ្ឌិត្យសភាកម្ពុជាក៏បានស្នើទៅកាន់រដ្ឋាភិបាល ហើយបច្ចុប្បន្នបាននឹងកំពុងរៀបចំមជ្ឈមណ្ឌលសម្រាប់ការបកប្រែផលិតផលបរទេសដែលនាំចូលទាំងអស់នោះ ដើម្បីឲ្យប្រជាជនសាមញ្ញទូទៅដែលពួកគាត់មិនចេះភាសាបរទេស កាន់តែមានភាពងាយស្រួល។ នេះជាការលើកឡើងបន្ថែមរបស់ ឯកឧត្ដម សុខ ទូច៕
រូបភាព៖ Vayofm
ដោយ៖ ជួប ស្រីរ័ត្ន